ខេត្តឧត្ដរមានជ័យ ៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ មានសេចក្ដីរាយការណ៍ពីខេត្តឧត្ដរមានជ័យ មកថា លោកឧត្ដមសេនីយ៍ត្រី កែវ ឋានៈ មានតួនាទីជាជំនួយការការិយាល័យការពារព្រំដែនកងទ័ពជើងគោក និងប្រពន្ធឈ្មោៈ ប៊ុត សុខណា បានឃុបឃិត និងត្រូវរ៉ូវគ្នាជាមួយ លោក តាញ់ បុត្តា មេពេទ្យសត្វខេត្តឧត្ដរមានជ័យ ជាច្រើនឆ្នាំមកហើយ ក្នុងការធ្វើអាជីវកម្ម នាំសត្វជ្រូកចេញពីប្រទេសថៃ ល្មើសច្បាប់ (លើសច្បាប់កំណត់) តាមច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្តឧត្ដរមានជ័យ យកទៅចែកចាយនៅតាមបណ្ដារាជធានីខេត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដែលជាហេតុធ្វើអោយបាត់បង់ចំណូលថវិការដ្ឋយ៉ាងធ្ងន់ធ្ងរ ដោយគ្មានការទទួលខុសត្រូវ ក្នុងការបំពេញតួនាទីរបស់ខ្លួន ក្នុងការត្រួតពិនិត្យចំនួនសត្វ និងសុខភាពសត្វដើមទី ដែលមានទីតាំងស្ថិតនៅភូមិអូរខ្ចៅ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
សេចក្ដីរាយការណ៍ បានបន្តថា ក្រុមហ៊ុន ដានីដេង គ្រប់គ្រងដោយលោកឧត្ដមសេនីយ៍ត្រី កែវ ឋានៈ បានត្រូវរ៉ូវគ្នាជាមួយលោក តាញ់ បុត្តា មេពេទ្យសត្វខេត្តឧត្ដរមានជ័យច្រើនឆ្នាំមកហើយ ហើយក្នុងការដឹកជញ្ជូនសត្វជ្រូក កេងបន្លំលើសច្បាប់កំណាត់ កេងចំណេញចំណូលថវិការរដ្ឋ ចែកបក្សពួក តែត្រូវបានកំលាំងអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ បង្ក្រាបបាន កាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦៧B ស្រុកអន្លង់វែង។
លោកស្រី ប៊ុត សុខណា តំណាងក្រុមហ៊ុន ដានីដេង បានអោយដឹងថា លោកស្រីមិនមែនជាម្ចាស់ក្រុមហ៊ុន ដានីដេង នោះទេ លោកស្រីបញ្ជាក់ថា រថយន្ដដឹកជ្រូកក្រុមហ៊ុន ដានីដេង ពិតជាត្រូវបានពេទ្យសត្វខាងអគ្គចាប់ពិតប្រាកដមែន។ ចំណែកលោក តាញ់ បុត្តា មេពេទ្យសត្វខេត្តឧត្ដរមានជ័យ បានបញ្ជាក់ថា រថយន្ដដឹកជ្រូករបស់ក្រុមហ៊ុន ដានីដេង គឺត្រូវបានខាងអគ្គនាយកដ្ឋានចាប់។ លោកបន្តថា ក្រុមហ៊ុន មានច្បាប់ដឹកជញ្ជូន តែ៤០ក្បាល បែជាដាក់ដល់ ៦០ក្បាល នេះជាកំហុសរបស់ខាងក្រុមហ៊ុន។
តាមការបកស្រាយរបស់លោក តាញ់ បុត្តា អាចបញ្ជាក់បានថា លោកមិនមានការត្រួតពិនិត្យសុខភាពសត្វដើមទី និងមិនមានការត្រួតពិនិត្យចំនួនសត្វដឹកជញ្ជូន អោយបានត្រឹមត្រូវនោះឡើយ ពោលគឺ អសកម្មការងារជំនាញរបស់ខ្លួន៕ ប៉ែន នួន