ខេត្តព្រះសីហនុ ៖ ករណីអគ្គិភ័យមួយបានឆាបឆេះសិប្បកម្មផលិតកេសស្នោ មួយកន្លែង ដោយសារតែជាងផ្សារដែក ផ្សារដំបូលធ្វើឱ្យខ្ទាតផ្កាភ្លើងចំកេសស្នោឆេះយ៉ាងសន្ធោសន្ធៅ ហើយជាសំណាងដែរដែលនគរបាលបានសម្រួលចរាចរណ៍ ការពារទីតាំងកើតហេតុ បញ្ចៀសការរាលដាលបន្តទាន់ពេលវេលា។ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សិប្បកម្មកេសស្នោខាងលើមានយីហោស៊ុង ហាន ដែលត្រូវបានគេស្គាល់ម្ចាស់សិប្បកម្មនេះថា ជារបស់ឈ្មោះ អាំង ជឺស៊ូង ភេទប្រុស ជនជាតិចិន។ក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះដែរ គឺមានកម្លាំងកងរាអាវុធហត្ថចំនួន១០នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការរង កងរាជអាវុធហត្ថ ស្រុកព្រៃនប់ សហការជាមួយកម្លាំង កងរាជអាវុធហត្ថខេត្តកំពត សម្រួលចរាចរណ៍ ការពារទីតាំងកើតហេតុ បញ្ចៀសការរាលដាលបន្ត។ ចំពោះការពន្លត់អគ្គិភ័យនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្ត២៨ជើង ទើបរលត់ជាស្ថាពរ៕