ភ្នំពេញ៖ យុវជនម្នាក់បានជិះម៉ូតូវ៉ាជែងដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត ឡង់គ្រីស័រ របស់មន្ត្រីនគរបាលម្នាក់ដែលកំពុងបើកបរតាមផ្លូវ ចំពីមុខពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះបង្ករការភ្ងាក់ផ្អើលកាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្បែរស្ថានីយ៍បូមទឹកបឹងទំពុន តាមផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហួត វាសនា ភេទ ប្រុស អាយុ ២៣ឆ្នាំ មុខរបរ ជាងទង ស្នាក់នៅ ភូមិតាលុន ឃុំតាលុន ស្រុកស្អាង ខេត្តកណ្ដាល ។ រីឯអ្នកបេីកបររថយន្តកឈ្មោះ ស្រេង ហុង ភេទ ប្រុស អាយុ៤២ឆ្នាំ មុខរបរមន្ត្រីនគរបាល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកស្កូបពី១គ្រឿងពណ៌ខ្មៅ ពាក់ស្លាក់លេខ កណ្តាល 1AB-9610 ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនក៏ជ្រុលចង្កូតទៅបុករថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស្ករពាក់ស្លាក់លេខ ភ្នំពេញ 1S-2947 ចំពីខាងមុខពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូដួលបោកក្បាលស្លាប់ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយតាមនិតិវិធី ។ ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ភារ៉ា ដង្កោ