ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកបីនាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងតាមចាប់ខ្លួនតាមអំណាចតុលាការជាលើកទី២ បន្ទាប់ពីហែកជញ្ជាំងបន្ទប់រត់គេចខ្លួនទាំងដៃជាប់ខ្នោះ។
លោក ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលឈឿង គឹមសុងបានប្រាប់អ្នកយកព័ត៌មានកាលពីវេលាម៉ោង១៣និង២២នាទីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះថា លោកបានដឹកនាំកម្លាំងជំនាញចុះទៅចំណុចក្រុមទី១៣ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ដោយអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ ៣២៨/ត.ព្រ ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០ របស់លោកស្រី ហុង ទិត្យមល្លិកា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ដែលបានបង្គាប់ឲ្យនាំខ្លួន ឈ្មោះ វង្ស គឹមឡាង ហៅ ប៉េវ ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ដោយចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស (យកកាំបិតភ្ជង់យកទូរស័ព្ទដៃ )។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះ ជនសង្ស័យឈ្មោះ វង្ស គឹមឡាង ហៅប៉េវ និងបក្សពួកពីរនាក់ ឈ្មោះ វុធ សុខផាត់ ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ ក្រត សុផាក ភេទប្រុស អាយុ១៧ឆ្នាំ បាននាំគ្នាធ្វើសកម្មភាពដោយយកកាំបិតភ្ជង់ប្លន់យកទូរស័ព្ទដៃពីជនរងគ្រោះឈ្មោះ ណាង ហុងស្រេង ភេទប្រុស អាយុ ១៨ឆ្នាំ នៅចំណុចក្រោយផ្សារទំនើប ភូ ពុយ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។
ក្រោយពីធ្វើសកម្មភាពបានពីរថ្ងៃមកជនសង្ស័យទាំងបីនាក់ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលចុះធ្វើការស្រាវជ្រាវឃាត់ខ្លួននាំយកមកសាកសួរ។ បន្ទាប់មកខណៈដែលសមត្ថកិច្ចបាននាំគ្នាសម្រាកហូបបាយភ្លេចខ្លួនបន្តិច ជនសង្ស័យពីរនាក់ក្នុងចំណោមបក្សពួកបីនាក់បានហែកជញ្ជាំងបន្ទប់រត់គេចខ្លួនបាត់ទាំងដៃជាប់ខ្នោះផងដែរ។
តែមិនបានប៉ុន្មានម៉ោងផងត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបានម្នាក់មកវិញនិងកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី។វណ្ណា