ខេត្ដសៀមរាប៖ បុរសម្នាក់ស្រវឹងស្រាជោគជាំរួចបើកម៉ូតូលឿនពេកជ្រុលធ្លាក់ស្នាមភ្លោះ និងជ្រុលទៅបុកដើមព្រីងបណ្ដាលឲ្យបាក់.កស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង០១យប់ឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នៅតាមបណ្តោយផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន។
លោកវរសេនីយ៍ទោ ណុប សារ៉ាក់ អធិការនរបាលស្រុកវ៉ារិនបានឲ្យដឹងថា ជនរងគ្រោះនោះមានអាការៈស្រវឹងស្រាជោគជាំរួចបើកម៉ូតូលឿនធ្លាក់ស្នាមភ្លោះនិងជ្រុលទៅបុកដើមព្រីងបាក់.កស្លាប់តែម្តង។
លោកបានបន្តថា ជនរងគ្រោះឈ្មោះ ថូ ពៅ ភេទប្រុស អាយុ ២៤ ឆ្នាំ នៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥អត់ស្លាកលេខ។
លោកបញ្ជាក់ថា តាមការស្រាវជ្រាវទៅបានឲ្យដឹងថា ករណីនេះគឺជនរងគ្រោះបានបើកដួលដោយខ្លួនឯងហើយវាមិនមែនជាករណីមនុស្សឃាតកម្មនោះទេ ហើយបច្ចុប្បន្ននេះសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ និរន្ដរ៍