ផែនការសកម្មភាព​អភិរក្សដំរីអាស៊ី​កម្ពុជា ត្រូវបានចេញ​ជាលើកដំបូង

ចែករំលែក៖

ផែនការសកម្មភាពអភិរក្ស​ដំរីអាស៊ី​កម្ពុជា​​​​​ត្រូវ​បាន​ដាក់​ចេញជា​លើក​ដំបូង​​ដោយ​ក្រសួង​បរិស្ថានក្រោម​​ការ​សហការ​ជា​មួយ​អង្គការសត្វព្រៃ និងរុក្ខជាតិ​អន្តរជាតិ(FFI)។

អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ​ នៃ​ក្រសួង​បរិស្ថាន បាន​ធ្វើ​ការ​ជា​មួយ​ដៃ​គូ
​ជាតិ និង​អន្តរជាតិ​​ក្នុង​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​​ដើម្បី​រៀប​ចំ​ផែន​ការ​សកម្មភាពនេះ​ឡើង ដោយមានជំនួយ​ផ្នែក​បច្ចេក​ទេសពី​ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា(CECG)។

ក្រុមអភិរក្សដំរីព្រៃនៅ​កម្ពុជា(CECG)ត្រូវបានបង្កើត​ឡើង​នៅ​ឆ្នាំ២០០៥​ ដោយ​អង្គការ​សត្វ​ព្រៃ និង​រុក្ខ​ជាតិ​អន្តរជាតិ​ ក្រោម​ការ​សហការ​ជា​មួយ​ក្រសួង​បរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ​ដើម្បីអភិរក្ស​ដំរីអាស៊ី​នៅ​កម្ពុជា​ តាម​រយៈ​ការ​រក្សា​​ស្ថិរភាព​ និង​ជំរុញ​ឱ្យមាន​កំណើន​ចំនួន​ប្រភេទនេះ​នៅក្នុងព្រៃនៃប្រទេសកម្ពុជា។

ឯកឧត្តម មាស សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ​ នៃ​ក្រសួង​បរិស្ថាន​ បាន​មាន​ប្រសាសន៍ថាក្រោមការដឹកនាំរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន យើងបានរៀបចំផែនការសកម្មភាពនេះជាលើកដំបូង ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ​សម្រាប់​ការអភិរក្សដំរី​អាស៊ី​នៅ​កម្ពុជា ហើយ​វា​ជាសមិទ្ធផលដ៏​សំខាន់មួយ​ ក្នុងចំណោមសមិទ្ធផលនានា ដែលនឹង​ដើរ​តួ​​ជាមគ្គុទេ្ទសក៍​សម្រាប់​​ជំរុញការអនុវត្តសកម្មភាព​ការ​ងារ​​អភិរក្ស​ដំរី​អាស៊ី​នៅ​កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។​យើងខ្ញុំមានមោទនភាពបំផុតចំពោះ​​​មន្ត្រីជំនាញមកពីអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ​ នៃ​ក្រសួង​បរិស្ថាន​ និងមន្ទីរបរិស្ថានខេត្ត ដែល​បាន​​សហការ​ជា​មួយ​អង្គការ​សត្វ​

ព្រៃនិង​រុក្ខជាតិ​អន្តរជាតិ ក៏​ដូច​ជា​ដៃ​គូ​ផ្សេង​ៗទៀត ​ក្នុង​ការ​រៀប​ចំ​ផែន​ការ​សកម្មភាព​នេះ​ឱ្យ​ចេញ​ជា​រូប​រាងឡើង»។

ដំរីអាស៊ីកំពុងរងការគំរាមកំហែងធ្ងន់​ធ្ងរ​នៅ​ទូ​ទាំងដែន​ជម្រក​របស់​វា​នៅលើសកល​លោក​ ហើយត្រូវបានចាត់បញ្ចូល​ជាប្រភេទ​ជិត​ផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បី​ការអភិរក្ស​ធម្មជាតិ ​(IUCN)​។ នៅក្នុង​ប្រទេស​កម្ពុជា ​ដំរី​អាស៊ី​មានចំនួន​ប្រមាណ​ចន្លោះពី​ ៤០០ ទៅ ៦០០ ក្បាល ដែល​ភាគ​ច្រើនរស់​​នៅក្នុង​តំបន់​ជួរភ្នំក្រវាញ​ និងតំបន់​ខ្ពង់​រាប​ភាគ​ខាង​កើតក្នុងខេត្តមណ្ឌលគិរី និង​មួយ​ចំនួន​តូច​មាន​នៅ​ក្នុងតំបន់​ផ្សេងទៀត​ក្នុង​ប្រទេស​កម្ពុជា​​ ដូច​ជា​​​តំបន់​ខ្ពង់​រាប​​ខាង​ជើងទន្លេសាបជា​ដើម។ តំបន់​ទាំង​នេះ​ជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ការរិចរិល​នៃ​ទី​ជម្រក​​បាន​ធ្វើ​​ឱ្យដំរីអាស៊ី​រស់​នៅបែកខ្ញែកពី​គ្នា​ និងបង្ក​ជា​ឥទ្ធិពល​អវិជ្ជមាន​ដល់​​ស្ថិរភាព​យូរ​អង្វែង​របស់​ប្រភេទ​ដ៏​សំខាន់​នេះ​​។ ម្យ៉ាង​ទៀត គេ​ក៏​បាន​រក​ឃើញ​ថា​កូន​ដំរីព្រៃ​កំពុង​ទទួល​រង​ការគំរាមកំហែងដោយសារការដាក់អន្ទាក់ ដែលសកម្មភាពទាំងនេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការស្តារ​ប្រភេទសត្វនេះឡើងវិញដែរ​។​ កត្តាគំរាមកំហែងទាំងអស់​នេះ ​​បាន​នាំទៅ​ដល់​ការបង្កើត​ផែនការ​សកម្មភាព​​ ​​២០២០-២០២៩នេះឡើង​​ដែលកំណត់នូវបញ្ហាអាទិភាពចំនួន ​៦ និងដាក់​ចេញ​សកម្មភាពយុទ្ធសាស្ត្រសម្រាប់ដោះ​ស្រាយ​​បញ្ហា​ទាំង​​នោះ​។

ឯកឧត្ដម​ មាស​ សុផល​ ក៏បាន​បន្ថែម​ថា​​ «ផែន​ការ​សកម្មភាព​នេះ​មាន​គោល​បំណង​ពង្រឹង​ការ​គ្រប់​គ្រង​ដំរី​អាស៊ី ដោយមានការខិតខំប្រឹងប្រែងចូលរួមពីគ្រប់ភាគីទាំងអស់ ដើម្បីធានា​ថា ​ដំរី​អាស៊ី​ទទួល​បាន​ការ​ការ​ពារហ្មត់​ចត់​​​ និង​អាច​មាន​ឱកាស​បង្កើន​ចំនួន​របស់​វា​នៅ​ក្នុង​ធម្ម​ជាតិ​ឡើង​វិញ ជាពិសេសក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលគ្របដណ្តប់លើផ្ទៃដីជាង ៧,២ លានហិកតា ស្មើនឹងជាង ៤០% នៃផ្ទៃដីប្រទេស ដែលជាសម្បត្តិធម្មជាតិដ៏អស្ចារ្យ សម្រាប់​បន្សល់​ទុក​ជា​កេ​រមរកត​ដល់​មនុស្ស​ជំនាន់​ក្រោយ»៕

...

ដោយ៖អង្គការសត្វព្រៃ និងរុក្ខជាតិ​អន្តរជាតិ(FFI)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print