ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបញ្ឈប់ឲ្យឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចុះដោះស្រាយទំនាស់ដីធ្លីទាំងឡាយណា ដែលសម្ដេច និងតុលាការបានដោះស្រាយបញ្ចប់រួចរាល់ទៀតហើយ។ ទន្ទឹមនឹងនោះសម្ដេចតេជោ ក៏ មិនអនុញ្ញាតិឱ្យសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ រាយការណ៍ពីបញ្ហាទំនាស់ដីធ្លីរវាងបុគ្គល និងបុគ្គលជូនសម្ដេចផងដែរ។
ការប្រកាសកំណត់ព្រំដែន សកម្មភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅវិមានសន្តិភាព។
តាមសេចក្តីប្រកាស ពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បាន ឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន បានកំណត់ថា លេខាធិការដ្ឋាន និងសមាជិក សមាជិកានៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ត្រូវបំពេញភារកិច្ចដូចខាងក្រោម៖
ក៖ មិនអនុញ្ញាតឲ្យចុះដោះស្រាយរាល់ទំនាស់ទាំងឡាយដែល សម្ដេចតេជោ ហ៊ុន សែន បានដោះស្រាយបញ្ចប់ និងមានសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីរួចហើយនោះទេ។
ខ៖ មិនអនុញ្ញាតឲ្យដោះស្រាយរាល់ទំនាស់ដីធ្លីដែលកំពុងដំណើរការតាមនីតិវិធីរបស់តុលាការ។
គ៖ មិនអនុញ្ញាតឲ្យចុះដោះស្រាយរាល់ទំនាស់ទាំងឡាយណា ដែលបានបញ្ចប់ដោយស្ថាប័នតុលាការ ដែលមានសាលក្រម ឬសាលដីកាស្ថាពររួចហើយ។
ឃ៖ លេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ត្រូវពិនិត្យគោលដៅ និងកម្មវត្ថុដែលសមាជិក និងសមាជិកា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បម្រុងចុះទៅដោះស្រាយ ដោយមិនត្រូវចេញលិខិតបេសកកម្មជូន ក្នុងករណីដូចបានរៀបរាប់បីចំណុចខាងលើឡើយ។ ទន្ទឹមនឹងនោះ ក៏មិនត្រូវបញ្ជូនសំណុំរឿងវិវាទដីធ្លីរវាងបុគ្គល និងបុគ្គលជូនសម្ដេចតេជោ ដើម្បីធ្វើការដោះស្រាយដែរ៕ សូរិយា