ក្នុងរយៈពេលខ្លីសោះ ចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសរុស្ស៊ី កើនឡើងដល់ទៅ២៨១ ៧៥២ នាក់ ច្រើនជាងប្រទេសអេស្ប៉ាញ ក្លាយជាប្រទេសដែលមានអ្នកឆ្លងលំដាប់ទីពីរនៅលើពិភពលោក។
គណៈកម្មការគ្រប់គ្រងជំងឺឆ្លងកូវីដ១៩ របស់រុស្ស៊ី បានប្រកាសនៅថ្ងៃទី១៧ខែឧសភាថា ប្រទេសនេះមានចំនួនអ្នកឆ្លងថ្មី៩៧០៩នាក់ ក្នុងរយៈពេល ២៤ម៉ោង ធ្វើឲ្យប្រទេសនេះនាំមុខលើប្រទេសនានាទាំងអស់បន្ទាប់ពីអាមេរិក។ ក្រៅពីអ្នកឆ្លង រុស្ស៊ីក៏មានអ្នកស្លាប់៩៤នាក់ក្នុងរយៈពេល២៤ម៉ោង ធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើង២៦៣១ នាក់ផងដែរ។
បច្ចុប្បន្នរុស្ស៊ីមានចំនួនអ្នកឆ្លងតិច ជាង តែអាមេរិក ប៉ុណ្ណោះ ដោយអាមេរិក មានអ្នកឆ្លង ជាង ១,៥លាននាក់ ។
បើទោះបីមានចំនួនអ្នកឆ្លង កើនឡើងខ្ពស់តែចំនួនអ្នកស្លាប់វិញ មិនដល់ ១ភាគរយផង គឺទាបជាប្រទេសជាច្រើនជុំវិញពិភពលោក។ តាមតួលេខ របស់មហាវិទ្យាល័យ Johns Hopkins ចំនួនអ្នកស្លាប់នៅអាមេរិក មានជាង៦ភាគរយ។ ចំណែកបណ្តាប្រទេសតំបន់អឺរ៉ុបដូចជាអ៊ីតាលីបារាំង អេស្ប៉ាញ អង់គ្លេស មានចំនួនអ្នកស្លាប់ ជាង ១០ភាគរយ។
រុស្ស៊ីក៏បានបិទប្រទេស ផ្អាកការហោះហើរ តាំងពីថ្ងៃទី២៧ខែមិនា មកទល់ពេលនេះដោយអនុញ្ញាតតែយន្តហោះមនុស្សធម៌តែប៉ុណ្ណោះ ឬក៏ដឹកពលរដ្ឋវិលត្រឡប់មកប្រទេសវិញ៕