បញ្ជាគ្រឿងចក្រកាយប្រឡាយទំនប់ទប់ទឹក ប៉ះចំមីនតោនផ្ទុះរញ្ជួយដីរបួសធ្ងន់បុរសម្នាក់

ចែករំលែក៖

ខេត្តព្រះវិហារ៖ បុរសម្នាក់បញ្ជាគ្រឿង (អេស្កាស្កាវ៉ាទ័រ) កាយទំនប់ទប់ទឹកជាន់ចំពីលើមីនតោន ផ្ទុះរញ្ជួយដីធ្វើឲ្យបុរសម្នាក់នេះបានរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦ព្រឹកព្រលឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិកំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក ហ៊ឹម ហឿន មេឃុំយាង បានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានបើកគ្រឿងចក្រ កាយទំនប់ទប់ទឹក ក្នុងដីស្រែមួយកន្លែង។ លុះពេលកាយរួចក៏បើកចេញមកវិញ ប៉ុន្តែចៃដន្យ ក៏ឃើញទំនប់ដែលកាយរួចហើយនោះ មានទឹកហូរជ្រាបដដែល ក៍ឈប់គ្រឿងចក្រកាយដីបិទម្តងទៀត ធ្វើឲ្យប៉ះចំមីនតោនបណ្តាលឱ្យផ្ទុះកក្រើកឡើងតែម្តងទៅ។
លោកមេឃុំ បានបញ្ជាក់ថា ក្នុងហេតុការណ៍ផ្ទុះមីនតោននេះ បណ្តាលឱ្យជនរងគ្រោះមានឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ ជាអ្នកបើកបររងរបួសធ្ងន់ ត្រូវបានគេនាំយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកគ្រឿងចក្រ ដាច់ច្រវាក់និងរងការខូចខាតយ៉ាងដំណំ៕ដោយ÷ មាស សុផាត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print