វិមានកែ្រមឡាំងរុស្ស៊ី បានប្រកាសថា នាយករដ្ឋមន្ត្រី Mikhail Mishustin បានវិលត្រឡប់មកធ្វើការធម្មតាវិញហើយ ក្រោយជាសះស្បើយពីជំងឺកូវីដ១៩។
សារព័ត៌មាន sputnik នៅថ្ងៃទី១៩ខែឧសភា បានដកស្រង់សេចក្តីប្រកាស របស់វិមានក្រែមឡាំងបញ្ចាក់ថា នាយករដ្ឋមន្ត្រីបានជាសះស្បើយហើយត្រឡប់មកធ្វើការវិញដូចដើម។ ជាមួយគ្នានេះដែរ ប្រធានាធិបតីរុស្ស៊ី លោកពូទីន ក៏បានចេញបញ្ជាផ្តល់សិទ្ធិកាន់អំណាចនាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាលជាបន្តទៀត។ ជាមួយគ្នានេះ លោកពូទីន ក៏បានបញ្ចប់តំណែងនាយកមន្ត្រីបណ្តោះអាសន្នរបស់លោក Andrey Belousov ដែលកាន់តំណែងជំនួសតាំងពីថ្ងៃទី ៣០ ខែមេសាមកទល់ពេលនេះ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣០ខែមេសា នាយករដ្ឋមន្ត្រី Mikhail Mishustin បានធ្វើតេស្តវិជ្ជមានចំពោះកូវីដ១៩ ហើយត្រូវសម្រាកព្យាបាលនៅក្នុងផ្ទះ។ នៅពេលនោះ ប្រធានាធិបតីពូទីនក៏បានតែងតាំង ឧបនាយករដ្ឋមន្ត្រី Andrey Belousov ដឹកនាំរដ្ឋាភិបាលជំនួសវិញ។
អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Belyakov បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីបានព្យាបាល តាមការណែនាំរបស់គ្រូពេទ្យ។ បច្ចុប្បន្នមន្ត្រីជាន់ខ្ពស់របស់រុស្ស៊ីជាច្រើនរូប បានឆ្លងកូវីដ១៩ ក្នុងនោះមាន អ្នកនាំពាក្យ ប្រធានាធិបតី លោក Dmitry Peskov។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី Olga Lyubimova ។ រដ្ឋមន្ត្រីសំណង់ លោក Vladimir Yakushev។ ប្រធានការិយាល័យប្រធានាធិបតី និងតំណាងរាស្ត្រ ៦រូបផងដែរ បានឆ្លងកូវីដ១៩។
រុស្ស៊ី ជាប្រទេសមានអ្នកឆ្លងខ្ពស់លំដាប់ទីពីរលើពិភពលោក បន្ទាប់ពីអាមេរិក ដោយមានអ្នកឆ្លង ជិត ៣សែននាក់ហើយ និងស្លាប់ជាង ២៧០០នាក់៕
