ខេត្តបាត់ដំបង៖ ស្នូរសំឡេងម៉ាស៊ីនទូកធំៗបានលាន់ឮកងរំពងពេញផ្ទៃទន្លេបម្រើឲ្យសកម្មភាពប្រើប្រាស់ឧបករណ៍នេសាទត្រីល្មើសច្បាប់យ៉ាងពេញបន្ទុកនៅក្នុងដែនឡូត៍នេសាទលេខ២ និងឡូត៍លេខ៣ ជាតំបន់ស្រាវជ្រាវអភិរក្ស ដែលគេព្រួយបារម្ភថា ពូជត្រីនឹងត្រូវរលាយហិនហោច ដោយក្រុមឈ្មួញល្មើសច្បាប់ មានការឃុបឃិតគ្នាជាមួយជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចជលផល ជាមួយសមត្ថកិច្ច១២ស្ថាប័នទៀតបានពាក់ព័ន្ធក្នុងបទល្មើសទាំងនេះ ។
បទល្មើសនេសាទខុសច្បាប់ បានកើតឡើងក្នុងចំណុចឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្នុងនោះមានឈ្មួញធំៗ ដូចជា ឈ្មោះ ហាយ និងតាកៅ ដែលជាមេឈ្មួញល្មើសច្បាប់ដ៏ធំប្រចាំនៅតំបន់ចុងឃ្នាស់ ខេត្តសៀមរាប និងឈ្មោះ ហុង ជនជាតិវៀតណាម ហៅក្បាលគោ បានមកនេសាទល្មើសច្បាប់នៅទីនេះ ។
ប្រភពខ្លះបានរាយការណ៍មកថា មន្ត្រីជលផលឈ្មោះ នូ រ៉េណូ ជាជលផលកាន់៥ខេត្តបានប្រមូលលុយពីបទល្មើសយ៉ាងតិចក្នុងមួយវង់ចាប់ពី៥០០ដុល្លារ ហើយលោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងក៏បានពាក់ព័ន្ធក្នុងប្រយោជន៍រាល់សកម្មភាពបទល្មើសទាំងនេះជាចំហរ ។
ប្រជាពលរដ្ឋអ្នកឃុំជីវាំំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានសម្តែងនូវការសោកស្តាយពីការបាត់បង់ពូជត្រី និងខ្លាចញញើតចំពោះឈ្មួញធំៗ ដែលបានប្រើឧបករណ៍ល្មើសច្បាប់តាមអំពើចិត្ត ដឹកជញ្ជូនត្រីទៅកាន់ខេត្តសៀមរាប ប៉ុន្តែពួកគាត់ គ្រាន់តែនេសាទជាលក្ខណៈគ្រួសារ ឬដាក់ស្បៃមុងបន្តិចបន្តួច បែរជាត្រូវសមត្ថកិច្ច រដ្ឋបាលជលផល ចាប់ដុតបំផ្លាញឧបករណ៍ចោលក្នុងរូបភាពបញ្ជាក់ថា ជំនាញរដ្ឋបាលជលផលយកចិត្តទុកដាក់បង្ក្រាបបទល្មើសជលផល ។ ប៉ុន្តែធាតុពិត ពួកគេ ពិតជាមានចេតនា ជាន់ក និងធ្វើបាបតែប្រជានេសាទ លក្ខណៈគ្រួសារប៉ុណ្ណោះ ។
ពាក់ព័ន្ធករណីបទល្មើសខាងលើនេះ នគរវត្តមិនអាចទាក់ទងបានទេពីលោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី១៩ ខែមករា ដោយទូរស័ព្ទត្រូវបានបិទ ។ ដោយឡែក លោកអេង ជាសាន ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នគរវត្តក៏មិនអាចទាក់ទងបានដែរ ដោយគ្មានលេខទូរស័ព្ទទំនាក់ទំនង ។
បន្ទាប់ពីលោក អេង ជាសាន ឡើងកាន់តំណែងជាប្រធានរដ្ឋបាលជលផល ជំនួសតំណែងលោកបណ្ឌិត ណៅ ធួក ឃើញថា បទល្មើសនេសាទត្រូវបានរីកដុះដាល និងប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ទ្រង់ទ្រាយធំ ដោយភាពធូរលុងពីលោកវិស្វករ អេង ជាសាន ដែលគេសង្ស័យថា គាត់នឹងអាចទទួលបានផលប្រយោជន៍រាល់បទល្មើសនេះ ៕
ដោយ៖ សុខ ខេមរា