អាមេរិក បញ្ជូនយន្តហោះទម្លាក់គ្រាប់ប្រភេទ B-1B Lancer មកបំពេញបេសកម្មហោះហើរនៅសមុទ្រចិនខាងត្បូង នាថ្ងៃទី ២៦ខែឧសភា។ តាមទីបញ្ជាការហោះហើរ អាមេរិកប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់ ខាងលើបានហោះហើរពីទីតាំងទាហានអាកាស Dyess ក្នុងរដ្ឋតិចសាស។
ទីបញ្ជាការកងទ័ពអាមេរិក បានបញ្ជាក់ថា ការហោះហើរនោះ គឺដើម្បីបង្ហាញពីសមត្ថភាព និងការយាមល្បាតតាមច្បាប់អន្តរជាតិ។ រយៈពេលកន្លងមកអាមេរិក តែងតែ បញ្ជូនយន្តហោះទម្លាក់គ្រាប់ទៅកាន់សមុទ្រចិនខាងត្បូងដែលជាការគំរាមកំហែងដល់ប្រទេសចិន។
ប៉ុន្តែការបញ្ជូនមកនៅពេលនេះ ចំពេលដែលអាមេរិក កំពុងប្រឈមមុខតានតឹងជាមួយចិនកាន់តែខ្លាំងឡើង ទាំងបញ្ហាកោះតៃវ៉ាន់ ហុងកុង និងកូវីដ១៩ផងដែរ។ ពេលថ្មីៗនេះអាមេរិកទើបតែលក់អាវុធជាច្រើនទៅឲ្យកោះតៃវ៉ាន់ មិនខ្វល់ពីការព្រមានរបស់ចិន។
ជាមួយគ្នានេះដែរអាមេរិក ក៏បានបន្តលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ចិនជាបន្តទៀតគឺបញ្ហាហុងកុងក្រោយពេលចិន ចេញសេចក្តីព្រៀងច្បាប់ស្តីពីសន្តិសុខកោះហុងកុង។ ចិនមានព្រមានទៅកាន់អាមេរិកវិញថានឹងចាត់វិធានការ ប្រសិនបើអាមេរិក នៅតែលូកដៃកិច្ចការផ្ទៃក្នុងរបស់ចិននោះ៕ធី រីណា