ភ្នំពេញ៖ លោកឃួង ស្រេង បានជំរុញឲ្យអង្គភាពជំនាញ ត្រូវរៀបចំគន្លងខ្សែកាប្លិ៏ក្រោមដី ត្រូវធានាគុណភាព សុខ សុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តំបន់នោះ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញបែបនេះ នៅក្នុងពិធីបើកកិច្ចប្រជុំស្ដីពី ការជួសជុលគន្លងខ្សែកាប្លិ៍អា កាសដែលបានជីកកប់ក្រោមដីក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃអង្គារ ០៥កើត ខែជេស្ឋ ឆ្នាំជូតទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២០ដោយមានការចូលរួមពីសំណាក់ លោកតំណាងក្រសួងទូរគមនាគមន៍ លោកស្រីអភិបាល.អភិបាលរង.ខណ្ឌ.មន្ទីរ.អង្គភាពជំនាញ ពាក់ព័ន្ធជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធានាឱ្យបានទាំងគុណភាពជួសជុល គុណភាពជីកកប់ និងសុខ សុវត្ថិ ភាពរបស់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តំបន់នីមួយៗនោះ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ បើទោះជា មានលិខិតអនុញ្ញាតិក៏ដោយ ក៏ត្រូវតែពិនិត្យស្ថានភាពជាក់ស្តែងដែរថា តើការជីកឬឃួងផ្លូវរបស់អង្គភាពទាំងនោះ មានផលប៉ះពាល់អ្វីដែរឬទេ មានការ ទទួលខុសត្រូវបែបណា ពីអង្គភាពទាំងនោះ ត្រូវតែមានកិច្ចសន្យាជាក់លាក់ថាក្រោយពេលជីកកាយកប់ឬឃួងផ្លូវហើយ ក្រុមហ៊ុនទាំងនោះ ត្រូវតែជួសជុលឱ្យបានត្រឹមត្រូវតាមបទដ្ឋានដើម ដោយធានានូវគុណភាពផ្លូវ។
ក្នុងឱកាសនោះ លោកក៏បានស្នើរឱ្យសមត្ថកិច្ច មូលដ្ឋានមាន សង្កាត់ ខណ្ឌ និងមន្ទីរជាដើម ត្រូវតែពិនិត្យមើលជាប្រចាំ ដើម្បីឱ្យបានដឹងថា ក្នុងមូលដ្ឋានរបស់ខ្លួន មានកន្លែងណាជីកកាយឬឃួងផ្លូវធ្វើអ្វី។ ព្រោះកន្លងមកនេះ មានការណីលួចជីកកាយនិងឃួងផ្លូវហើយអាជ្ញាធរមិនបានដឹង ធ្វើឱ្យខូចផ្លូវហើយគ្មានអ្នកទទួលខុសត្រូវ ក្នុងការជួសជុលឡើងវិញ។លើសពីនេះលោកអភិបាលស្នើឱ្យពិនិត្យឡើងវិញចំពោះរថយន្តដឹកខ្សាច់ ដែលបង្ករឱ្យជ្រុះខ្សាច់ប្រឡាក់ផ្លូវ និងមានដីហុយធ្វើឱ្យប៉ះពាល់បរិស្ថាន និងសោភណ្ឌភាពក្នុងរាជធានីភ្នំពេញបើរកឃើញក្រុមហ៊ុនដឹកដីឬខ្សាច់ណាមិនទទួលខុសត្រូវ លើបញ្ហាបោសសំអាតត្រូវបញ្ឈប់ជាបន្ទាន់ ជា ពិសេសតាមបណ្តោយផ្លូវជាតិលេខ៥។
លោក ឃួង ស្រេង ក៏បានស្នើផងដែរថា រាល់សកម្មភាពការងារ ក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ត្រូវតែមានកិច្ចប្រជុំពិភាក្សាគ្នា និងមានរបាយការណ៍បញ្ជូនមកតាមឋានានុក្រម ឱ្យបានច្បាស់លាស់ និងជាប់លាប់ ដើម្បីបានដឹង និងពិនិត្យលទ្ធក្នុងការដោះស្រាយ រាល់ផលប៉ះពាល់ ដែលបង្ករឡើង ដោយសកម្មភាពទាំងនោះ ក្រោមការទទួលខុសត្រូវរៀងៗខ្លួន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិរបស់យើង៕ សំរិត