ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភារកិច្ច លោកវរសេនីយ៍ទោ ហួត ពិសិដ្ឋ អធិការរងនគរបាលខណ្ឌដូនពេញ ត្រូវបាន ទៅជាអធិការរងនគរបាលខណ្ឌចំការមន វិញ នាពេលថ្មីៗនេះ ។
នេះបើយោងតាមប្រកាសរបស់ សម្តេច ស ខេង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ ។
ក្រោយពី សម្តេច ស ខេង ចេញប្រកាសផ្ទេរភារកិច្ច នេះ , លោកវរសេនីយ៍ទោ ហួត ពិសិដ្ឋ បានកើតទុក្ខមិនសុខចិត្ត នោះទេ ដោយបន្តហែកកេរ្តិ៍ថ្នាក់ដឹកនាំខណ្ឌដូនពេញ និង សូមអោយថ្នាក់លើជួយរកយុត្តិធម៌ ខណៈលោកត្រូវបានផ្ទេរភារកិច្ចទាំងមិនដឹងខ្លួន និង ចោទជាសំណួរថា តើលោកខុសអ្វី ? ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ « Houth Pisith» បានបង្ហោះកាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ថា «ទើបតែល្បាតជាមួួយខ្ញុំ ខ្ញុំបានអោយគាត់ទៅសំរាកមុនគេ ព្រោះឃើញគាត់ចាស់ជាងគេ ហើយគាត់ប្រាប់ខ្ញុំថា បានសរសេរ បែបបទចូលនិវត្តន៍ហើយ មន្ត្រីល្អ ស្លាប់អស់៤នាក់ហើយខណ្ឌដូនពេញ មន្រ្តីល្អដូចខ្ញុំ ត្រូវគេកំចាត់ចេញដោយមិនដឹងខ្លួន អ្នកស្លាប់ជាមនុស្សល្អ ដូចជា អធិការរង នាយផ្នែក រងប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍ ជាអាទិ៍»។
លោក ហួត ពិសិដ្ឋ បន្តថា «តើខណ្ឌដូនពេញវាចង្រៃអី មេដឹកនាំច្រើនហើយមិនដែរចឹងទេ ។ សូមមិនចោទថា លើមេដឹកនាំណាមួយទេបាទ និយាយតាមការពិតជាក់ស្តែង សូមមហាជន ឬ ប្រជាពលរដ្ឋក្នុងខណ្ឌដូនពេញគិតពិចារណា ក៏ដូចជាមន្ត្រី នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញទាំងមូល ។ សូមថ្នាករដឹកនាំរកយុត្តិធម៌អោយខ្ញុំផងរឿង អីផ្លាស់ប្តូរខ្ញុំដោយសាមុីខ្លួនមិនដឹងខ្លួន តើខ្ញុំខុសអី ?» ។
ជាចុងក្រោយ លោក ហួត ពិសិដ្ឋ សូមអោយអធិការកិច្ចចុះស្រាវជ្រាវពិនិត្យខណ្ឌដូនពេញផង ហើយលោកនឹងបន្តទៅអង្គភាពប្រឆាំងអំពើពុករលួយទៀត បើមិនប្រក្រតី ឬ អង្គភាពពាក់ព័ន្ធមិនអើពើ ។
មជ្ឈដ្ឋានជាច្រើន រង់ចាំមើលថា តើនឹងមានអ្វីកើតឡើងទៀត ខណៈលោក ហួត ពិសិដ្ឋ នៅតែបន្តហែកកេរ្តិ៍ថ្នាក់ដឹកនាំខណ្ឌដូនពេញ បែបនេះ ៕