ជនជាតិចិនតៃវ៉ាន់ម្នាក់អូសម៉ូតូចេញបំណងឌុបប្រពន្ធទៅបើកលុយស្រាប់តែកើតអាការខ្យល់គរដួលស្លាប់ភ្លាមៗក្នុងផ្ទះ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនតៃវ៉ាន់ម្នាក់ បានកើតជំងឺខ្យល់គរដួលស្លាប់ភ្លាមៗក្នុងបន្ទប់ជួលខណៈដែលគាត់មានជំងឺប្រចាំកាយផងអូសម៉ូតូចេញបំណងឌុបប្រពន្ធទៅរកបើកលុយ ។

ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នៅផ្ទះជួល តាមផ្លូវលំ ក្រុម៥ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមស្ត្រីជាភរិយារបស់សព ឈ្មោះ នុង ស្រីពេជ្រ អាយុ៣៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅភូមិព្រៃតាឌុក ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ បាន​ឲ្យដឹងថា ជនរងគ្រោះជាប្តីរបស់គាត់នេះមានឈ្មោះ ឡុង គឺ ហៅ ជីច ឃី អាយុ៥៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរជាមេការរោងចក្រ ស្នាក់នៅផ្ទះកើតហេតុជាមួយគ្នា ។

ស្ត្រីជាប្រពន្ធបន្តទៀតថា គាត់បានគ្នាជាប្តីប្រពន្ធអស់រយៈពេលជាង៣ឆ្នាំកន្លងមកហើយ គឺតាំងពីអំឡុងឆ្នាំ២០១៧មក មានកូន២នាក់ ក្នុងនោះកូនប្រុសម្នាក់អាយុជាង១ខួប ហើយបច្ចុប្បន្នកំពុងមានផ្ទៃពោះជាង៥ខែផងដែរ ។

ស្ត្រីដដែលរាប់រាប់ទៀតថា ប្តីរបស់គាត់ មានជំងឺក្រួសក្នុងប្រមាត់ប្រើប្រាស់ថ្នាំជាប្រចាំ ហើយមុនពេលកើតហេតុ ប្តីរបស់គាត់ក្រោយពីងើបដាំបបរហើយ បានរៀបចំខ្លួនបំណងនាំគាត់ជាប្រពន្ធទៅបើកលុយនៅរោងចក្រ ហើយគ្រាដែលប្តីគាត់ដើរទៅអូសម៉ូតូចេញ ស្រាប់តែដួលប្រកាច់ត្រដរខ្យល់ស្លាប់ភ្លាមៗ រកតែស្រែកហៅអ្នកជិតខាងឲ្យជួយក៏ជួយមិនទាន់ដែរព្រោះជនរងគ្រោះស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ ស្ត្រីជាប្រពន្ធបានរាយការណ៍ទៅអាជ្ញាធរ និងសមត្ថកិច្ចចុះទៅពិនិត្យនិងសាកសួរជាក់ស្តែង ឃើញថាជនរងគ្រោះពិតជាស្លាប់ដោយជម្ងឺខ្យល់គរ រួចក៏ដឹកសពទៅតំកល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីពិនិត្យស្រាវជ្រាវរកក្រុមគ្រួសារ និងរាយការណ៍ទៅស្ថានទូតដើម្បីសម្រេចជាក្រោយ ៕ដោយ​ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print