បន្ទាយមានជ័យ ៖ គួរឲ្យសង្វេគណាស់ដែលក្មេងប្រុសជំទង់ម្នាក់បានបាត់បង់ជីវិតភ្លាមៗ និងនារីម្នាក់ទៀតមានអាការៈធ្ងន់ធ្ងរ ដោយសាររន្ទះបាញ់ ពេលកំពុងភ្លៀងធ្លាក់ខណ:ពួកគេទៅស៊ីឈ្នួលដាំដំឡូងមីនៅចម្ការឲ្យគេ។
ហេតុការណ៍រន្ទះបាញ់ស្លាប់មនុស្សនិងរបួសបង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចត្រពាំងក្រសាំង ចម្ងាយពីភូមិខ្វាវកើត ឃុំរលួស ស្រុកស្វាយចេក ចម្ងាយពីភូមិប្រមាណជាង២គីឡូម៉ែត្រ ។
អធិការនគរបាលស្រុកស្វាយចេក លោកវរសេនីយ៍ឯក ជា ស្លូញ បានឲ្យដឹងថា ជនរងគ្រោះម្នាក់ឈ្មោះឡោម សុជាតិ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិបែកចានថ្មី ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ(ស្លាប់)និងម្នាក់ទៀតឈ្មោះ យិន ឈុនលី ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា (មានអាការៈធ្ងន់ធ្ងរ) ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក ភ្លាមៗ។
លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ បានទៅស៊ីឈ្នួល ដាំដំឡូងមីឲ្យអ្នកជិតខាងក្នុងភូមិ ខាងលើ ហើយនៅពេលកំពុងតែដាំដំឡូងនោះមេឃបានធ្លាក់ភ្លៀងភ្លៀងខ្លាំង ធ្វើឲ្យជនរងគ្រោះនាំគ្នារត់រកកន្លែងជ្រក ។ប៉ុន្តែមិនទាន់ដល់កន្លែងជ្រកភ្លៀងឲ្យស្រួលបួលផង ក៏ត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់ម្នាក់និងរបួសម្នាក់តែម្តង ។
ចំពោះការបាត់បង់ជីវិតដោយបាតុភូតធម្មជាតិបែបនេះ លោកអធិការបានអំពាវនាវដល់បងប្អូនប្រជាប្រជាពលរដ្ឋ សូមឲ្យមានការប្រុងប្រយ័ត្នជានិច្ចនៅពេលមេឃជិតភ្លៀង ត្រូវនាំគ្នារកទីកន្លែងមានសុវត្ថិភាព ព្រោះបច្ចុប្បន្នជារដូវវស្សា ពេលមេឃភ្លៀងមានផ្គររន្ទះសាហាវណាស់ ជាក់ស្តែងដូចជាករណីមួយនេះជាដើម៕
ដោយ÷ប្រាថ្នា