ភ្នំពេញ ៖ ពិតជាមានការភ្ញាក់ផ្អេីលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌមានជ័យចុះទៅអន្តរាគមន៍ភ្លាមៗ បន្ទាប់ពីទូរកុងតឺន័រកែឆ្នៃដែលគេទុកចោលនៅលើដីលឡូតិ៍មួយកន្លែងត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង២៣ និង១០នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅទល់មុខបុរី ជ័យជំនះ ជាប់ផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ទូរកុងតឺន័រនេះត្រូវបានគេចាក់សោរទុកចោលរាប់ខែមកហេីយៗការឆាបឆេះទូរកុងតឺន័រនេះមិនដឹងថា មានគេលួចដុត ឬមកពីមូលហេតុអ្វីនោះទេ ពេលសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ បានសហការជាមួយកងសន្តិសុខរោងចក្រក្បែរទីតាំងនោះ ដោយតទុយោចេញពីរោងចក្រនិងបានបាញ់ពន្លត់ទាន់ពេលវេលា ដោយមិនបង្កឱ្យរាលដាលដល់រោងចក្រ ឬផ្ទះប្រជាពលរដ្ឋនោះឡេីយ ហើយក៏មិនបណ្តាលឱ្យមាននរណាម្នាក់រងរបួសផងដែរ ។
ក្រោយពេលធ្វើការបាញ់ពន្លត់រួចរាល់ សមត្ថកិច្ចបានធ្វើការណែនាំប្រជាពលរដ្ឋនៅក្បែរទីតាំងនោះឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះរឿងប្រើប្រាស់ភ្លើងអគ្គិសនី និងត្រូវរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់រាល់ពេលមានភាពអសន្តិសុខកើតមានឡើង ដេីម្បីឲ្យពួកគាត់ចុះមកជួយទាន់ពេលវេលា ៕ដោយ៖ ភារ៉ា ដង្កោ