ខេត្ដស្វាយរៀង៖ ប្រជាពលរដ្ឋ១៥៤ គ្រួសាររស់នៅភូមិត្រស់និងភូមិតាសេក ឃុំត្រស់ ស្រុករមាសហែកបានអំពាវនាវ សុំឱ្យលោកអភិបាលខេត្ដស្វាយរៀងមេត្ដាជួយធ្វើអន្ដរាគមន៍បើកទឹកព្រែកត្រស់ ដែលក្រុមហ៊ុនវៀតណាមបានលើកទំនប់ទប់ទឹកព្រែកធ្វើឱ្យទឹកព្រែកខាងក្រោមរីង ស្ងួតគ្មានទឹកប្រើប្រាស់ និងធ្វើឱ្យប៉ះពាល់ ដល់សត្វគោក្របីប្រជាពលរដ្ឋគ្មានទឹក ផឹក ។
ករណីប្រជាពលរដ្ឋអំពាវនាវរក កិច្ចអន្ដរាគមន៍នេះធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៦ នៅភូមិត្រស់ ឃុំត្រស់ ស្រុក រមាសហែក ខេត្ដស្វាយរៀង ។
លោក សួស សាវី អាយុ៤៣ឆ្នាំ រស់ នៅភូមិត្រស់បានឱ្យដឹងថា ក្រុមហ៊ុន វៀតណាមបានជួលដីពីក្រុមហ៊ុនចម្ការ កៅស៊ូជប់ ពាមជាំង ស្វាយរៀងដាំអំពៅ នៅក្នុងឃុំត្រស់រាប់ពាន់ហិកតាហើយ ក្រុមហ៊ុនបានលើកទំនប់ទប់ទឹកព្រែក ត្រស់ចំនួន២កន្លែងបណ្ដាលឱ្យទឹកព្រែក ខាងក្រោមចម្ងាយ៣ពាន់ម៉ែត្ររីងគ្មាន ទឹកធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន១៥៤គ្រួសារដែលប្រើប្រាស់សម្រាប់ឱ្យ គោក្របីផឹកនិងបាចទឹកគោនិងឱ្យក្របី ដេកនៅរដូវក្ដៅ ។
លោក សួស សាវី បន្ដទៀតថា ព្រែក ត្រស់នេះមានប្រវែងប្រមាណជាង១០ គីឡូម៉ែត្រជាព្រែកដែលមានទឹកផុស ចេញពីក្រោមដីមកខួបប្រាំងខួបវស្សា បម្រើឱ្យប្រជាពលរដ្ឋប្រើប្រាស់ចំនួន៥ភូមិក្នុងឃុំត្រស់នេសាទត្រីនិងរដូវប្រាំងប្រជាពលរដ្ឋយកគោក្របីមកឃ្វាលនិងឱ្យគោក្របីផឹកនិងលាងជម្រះនៅក្នុងទឹកព្រែកនេះ ។
ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ សួង ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិត្រស់ បានឱ្យដឹងថា គាត់មានគោចំនួន១២ ក្បាល រយៈពេលមួយខែមកហើយគឺខ្វះទឹក ឱ្យគោផឹក និងលាងទឹកគោដោយសារតែ ក្រុមហ៊ុនវៀតណាមទប់ទឹកព្រែកប៉ែក ខាងលើ ដូច្នេះត្រូវដឹកគោទៅឯទន្លេ ហើយដងឱ្យផឹកពិបាកខ្លាំងណាស់ដោយសារទន្លេនៅឆ្ងាយនៅឯព្រំដែនចម្ងាយ ៤គីឡូម៉ែត្រពីភូមិហើយបើដេញចូល ទៅព្រែកខាងលើក្រុមហ៊ុនចម្ការអំពៅ មិនឱ្យចូលទេ ។
បច្ចុប្បន្នគោរបស់គាត់ចុះស្គមនិងឈឺហើយគោអ្នកភូមិឈឺងាប់អស់ជាច្រើន ក្បាលទៀតផង ។ ប្រជាពលរដ្ឋ និងលោក មេភូមិបានប្ដឹងទៅលោកមេឃុំនិងបាន លើកឡើងក្នុងវេទិកាសាធារណៈថ្នាក់ ស្រុកមួយខែមកហើយ ប៉ុន្ដែគ្មានដំណោះ ស្រាយសោះ ។
លោកអធិការនគរបាលស្រុករមាសហែកបានមានប្រសាសន៍ថា ប្រជាពល រដ្ឋរងគ្រោះបានលើកឡើងក្នុងវេទិកា សាធារណៈមួយខែមកហើយៗបានសំណូម ពរឱ្យលោកអភិបាលស្រុកដោះស្រាយឱ្យក្រុមហ៊ុនបើកទឹកឱ្យប្រជាពលរដ្ឋនៅខាងក្រោមបានប្រើប្រាស់វិញ ប៉ុន្ដែលោកអភិ បាលស្រុកមិនទាន់បានដោះស្រាយ ។
មន្ដ្រីនគរបាលម្នាក់បង្ហើបឱ្យដឹងថា កាលពីនៅក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុនចម្ការកៅស៊ូជប់ពាមជាំង ស្វាយរៀងមិនដែលមានបញ្ហាទេ ទើបតែ ជួលដីឱ្យក្រុមហ៊ុនវៀតណាមដាំអំពៅ នៅឆ្នាំ២០១៥-២០១៦នេះវៀតណាម លើកទំនប់ទប់ព្រែកនិងជីកប្រឡាយជុំវិញចម្ការអំពៅទើបប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ។
លោក ពេញ ជា អភិបាលនៃគណៈ អភិបាលស្រុករមាសហែកបានមាន ប្រសាសន៍ថា លោកបានដឹងហើយប៉ុន្ដែ ប្រជាពលរដ្ឋប៉ែកខាងលើគាំទ្រឱ្យទប់ព្រែក រក្សាទឹកទុក ។ រីឯប្រជាពលរដ្ឋនៅខាង ក្រោមស្រែកឱ្យបង្ហូរទឹកទៅក្រោមហើយក្រុមហ៊ុនគេត្រូវការទឹកបង្ហៀរដាក់ចម្ការ អំពៅទើបពិបាកដោះស្រាយ ដូច្នេះចាំ លោកចាត់កម្លាំងឱ្យចុះទៅពិនិត្យមើលនិងសិក្សាសិន ៕
ដោយ៖ យឹម សុថាន