កម្មការិនី៤៣នាក់បម្រើការងារក្នុងរោងចក្រធីវ៉ាយ ដួលសន្លប់បន្តបន្ទាប់សង្ស័យពុលសារធាតុគីមីក្នុងវត្ថុធាតុដើម

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានកម្មករកម្មការិនីប្រមាណ៤៣នាក់បានដួលសន្លប់ជាបន្តបន្ទាប់គ្នាបង្កការភ្ញាក់ផ្អើលដល់មិត្តរួមការងារនិងសន្តិសុខប្រញាប់ប្រញាល់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យដែលគេសង្ស័យថាអាចពុលសារធាតុគីមីក្នុងវត្ថុធាតុដើមសម្រាប់ផលិត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២៧នាទីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ នៅរោងចក្រធីវ៉ាយ ក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ ស្ថិតក្នុងភូមិដើមពោធិ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមកម្មការិនីម្នាក់ដែលដួលសន្លប់ហើយក្រោយមកមានអាការធូរស្រាលបានឱ្យដឹងថា មុនកើតហេតុរូបនាងនិងមិត្តរួមអាជីពបានធ្វើការដូចសព្វដង ខណៈនោះស្រាប់តែមានអាការវិលមុខអស់កម្លាំងទន់ដៃទន់ជើងក៏ដួលសន្លប់តែម្ដង។
យោងតាមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកជីភូក្រុងបាវិតបានឱ្យដឹងថា កម្មករកម្មការិនីដែលយកមកសង្គ្រោះរហូតមកដល់ម៉ោង៥រសៀលនេះមានចំនួន៣០នាក់និងមន្ទីរពេទ្យស្រុកស្វាយទាបមាន១៣នាក់ តែពេលនេះខ្លះមានអាការធូរស្រាលហើយនិងអ្នកខ្លះទៀតកំពុងសម្រាកព្យាបាលនៅឡើយ។
ប្រភពបន្តថា តាមការពិនិត្យបឋមរបស់គ្រូពេទ្យអំពីអាការរបស់កម្មការិនីគឺសង្ស័យដួលសន្លប់ដោយសារពុលសារធាតុគីមីក្នុងវត្ថុធាតុដើមសម្រាប់ផលិតក្នុងរោងចក្រ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print