រថយន្តនីស្សាន់បុកជាមួយសាំយ៉ុងស្លាប់១នាក់និង៤នាក់ទៀតរបួសធ្ងន់-ស្រាល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តសាំយ៉ុងនឹងរថយន្តនីស្សាន់ Frontier បុកគ្នាធ្វើឲ្យមនុស្សម្នាក់ស្លាប់និង៤នាក់ទៀតរងរបួសនៅវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី៤ខែមិថុនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥៩ស្ថិតក្នុងភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកបេន សំអាត អធិការនគរបាលស្រុកម៉ាឡៃឲ្យដឹងថា៖ មុនពេលកើតហេតុ មាន១គ្រឿងម៉ាក សាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AL-045 បើកបរដោយឈ្មោះ ផា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិតាដុង ឃុំដូនកឹង ស្រុកកំចាយមារខេត្តព្រៃវែង បើកបរក្នុងទិសដៅពីខាងលិចទៅកើតនិងមានអ្នករួមដំណើរម្នាក់ឈ្មោះ ស៊ុន ម៉ូល ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិតាដុង ឃុំដូនកឹងស្រុកកំចាយមារ ខេត្តព្រៃវែង។លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធុនតូច១គ្រឿងម៉ាក Nissan Frontier ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2B-7518 បើកបរដោយឈ្មោះ ឈុន តៅ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បើកបរពីទិសខាងកើតទៅទិសខាងលិចមកបុកចំពីមុខបណ្តាលឱ្យមានគ្រោះថ្នាក់តែម្តង ។
ក្នុងរថយន្តនោះមានអ្នករួមដំណើរ២នាក់ ម្នាក់ឈ្មោះ ឈាង នៀត ភេទស្រី អាយុ៣២ ឆ្នាំនិងម្នាក់ទៀតឈ្មោះ ឈាង គឹមស្រៀង ភេទប្រុស អាយុ១៥ឆ្នាំ អ្នកទាំងពីររស់នៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកអធិការបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យអ្នករួមដំណើរនិងអ្នកបើកបរខាងរថយន្តNissan Frontier របួសធ្ងន់៣នាក់គឺ១-ឈ្មោះ ឈាង នៀត ភេទស្រី អាយុ ៣២ឆ្នាំ, ២-ឈ្មោះ ឈាង គឹមស្រៀង ភេទប្រុស អាយុ១៥ឆ្នាំ, ៣-ឈុន តៅ ភេទប្រុស អាយុ៣២ឆ្នាំ ។
រីឯខាងរថយន្តសាំយ៉ុង ស្លាប់អ្នកបើកបររថយន្តនៅនឹងកន្លែងឈ្មោះ ផា ភេទប្រុសអាយុ៣៨ឆ្នាំ និងអ្នករួមដំណើររបួសស្រាលឈ្មោះ ស៊ុន ម៉ូល ភេទប្រុស អាយុ៣៩ឆ្នាំ ។
រថយន្តទាំង២គ្រឿងរងការខូចខាតធ្ងន់។ចំពោះមូលហេតុ បណ្តាលមកពីរថយន្ត ម៉ាកNissan Frontier បើកបរក្នុងល្បឿនលឿនក្នុងស្ថានភាពផ្លូវកោងដោយខ្វះការប្រុងប្រយ័ត្ន។
វត្ថុតាងរថយន្តទាំង២គ្រឿង ត្រូវកម្លាំងនគរបាលជំនាញចរាចរណ៍យកមកទៅរក្សាទុកនៅអធិការ
ដ្ឋាននគរបាលស្រុករង់ចាំធ្វើការដោះស្រាយ៕ វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print