ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក NISSAN NAVARA បោះពួយយ៉ាងលឿនដូចហោះរេចង្កូតជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន២កង់ហើយរថយន្តកល់ជាប់ទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី ៦ ខែមិថុនាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ខាងត្បូងមន្ទីរពេទ្យព្រះកុសុមៈប្រមាណជា ៥០ម៉ែត្រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញមានបុរសម្នាក់និងស្ត្រីអ្នករួមដំណើរម្នាក់ទៀតបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកNISSAN NAVARA ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BH-0100ក្នុងទិសដៅពីជើងទៅត្បូងដោយប្រើល្បឿនលឿនដូចហោះ។លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តនេះរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់ចំនួន២កង់ខ្ទាតមកកណ្ដាលផ្លូវ ឯរថយន្តកល់ជាប់នឹងក្បាលថ្មពុះចែកទ្រូងផ្លូវទៅមុខលែងរួច បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង ប៉ុន្តែសំណាងល្អមិនបង្កឲ្យមានរបួសដល់អ្នកជិះនិងអ្នកធ្វើដំណើរតាមដងផ្លូវ។ ភ្លាមៗនោះម្ចាស់រថយន្តបានចេញពីរថយន្តឡើងជិះឡំប្រឺតាគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់៕ដោយ និនសុភ័ស្ដ