ខេត្តកំពង់ធំ៖ ក្មេងម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ខណៈពេលកំពុងតែដើរនៅលើចិញ្ចើមផ្លូវ ស្រាប់តែមានរថយន្ត សាំយ៉ុងបើកបរ ក្នុងល្បឿនលឿន បានមកផ្តាច់ព្រលឹងក្មេងស្រីរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ និង១៤នាទីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិតាអោង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ពេលដែលក្មេងស្រីរងគ្រោះកំពុងធ្វើដំណើរតាមចិញ្ចើមថ្នល់ ក៏មានរថយន្ត មួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AG-1104 បានបើកយ៉ាងលឿន ហើយរ៉េចង្កូតមកបុកពេញ ទំហឹងតែម្តង ក្រោយមកតៃកុងឡាន ឃើញសភាពការណ៍មិនស្រួល ក៏បានចុះពីលើឡាន ហើយដាក់មេប្រូច រត់យករួចខ្លួនមួយរយៈសិន ទើបចាំចូលខ្លួនមកដោះស្រាយតាមក្រោយ ដែលជាទំលាប់អ្នកបើកបរយានយន្តស្រុកខ្មែរ ដោយសារពុំបានទិញធានារ៉ាប់រងពីក្រុមហ៊ុនណាមួយ ទើបគេចខ្លួនមួយរយៈសិន។
សមត្ថកិច្ចបានបន្តថា ក្មេងស្រីរងគ្រោះ ឈ្មោះ ហឿង ស្រីណុច អាយុ១០ឆ្នាំ រស់នៅភូមិបឹង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានសាច់ញ្ញាតិមកទទួលពីសមត្ថកិច្ចដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តត្រូវ បានសមត្ថកិច្ចនៃអធិការដ្ឋាន ស្រុកបារាយណ៍ យកទៅរក្សាទុករងចាំភាគីទាំងសងខាង ចូលមកដោះស្រាយ តាមនិតិវិធីច្បាប់៕
ដោយ៖ ប៊ុន រិទ្ធី