ខេត្តព្រះវិហារ៖ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងនាមសម្តេចតេជោ ប្រធានសមាគម បានអញ្ជេីញជាអធិបតីក្នងពិធីប្រកាសទទួល ស្គាល់លោក ប្រាក់ សុវណ្ណ ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ ចែកបណ្ណមូលនិធិសមធម៌សុខាភិបាល ជូនបងប្អូនអតីតយុទ្ធជន និងសួរសុខទុក្ខអតីតយុទ្ធជនចំនួន១២០នាក់ ។
ពិធីនេះបានប្រារព្ធធ្វេីឡេីងនៅសាលាខេត្ត ព្រះវិហារ នាព្រឹកថ្ងៃសៅរ៍១រោច ខែជេស្ឋ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០២០ ។
លោកទេសរដ្ឋមន្រ្តី គន់ គីម បានពាំនាំការផ្តាំផ្ញេីសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនយេីង ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែគិតគូរដល់សុខទុក្ខបងប្អូនយេីងនៅទូទាំងប្រទេស។ក្នុងនាមអគ្គលេខាធិការសមាគមដែលជាសេនាធិការឱ្យសម្តេចតេជោ បានចុះជួបនិងដោះស្រាយបញ្ហាជូនបងប្អូនយេីងជាបន្តបន្ទាប់នៅទូទាំងប្រទេស។
នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងកោតសរសើរ វាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ នៅក្នងខេត្តទាំងមូលធ្វើការងារសមាគមដំណេីរការទៅគួរឲ្យកត់សម្គាល់។
តាមរបាយការណ៍ ស.អ.ក ខេត្ត ឱ្យដឹងថា ក្នុងឆ្នាំកន្លងមក សមាគមអតីតយុទ្ធជនខេត្តសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រេីនដូចជា៖
បើកប្រាក់មរណៈសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន៣៣គ្រួសារ ក្នុងមួយគ្រួសារ៤លានរៀល សាងសង់ផ្ទះអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារអតីតយុទ្ធជនមានជីវភាពលំបាកបាន៦៤ខ្នង។ ចំពោះការងារត្រូវធ្វេីបន្តនាពេលខាងមុខ លោកបានណែនាំឲ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ៖
១-បន្តចុះសួរសុខទុក្ខអតីតយុទ្ធជនដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងមានវិធានការជួយពួកគាត់ពេលមានបញ្ហាឱ្យទាន់ពេលវេលា យកចិត្តទុកដាក់អ្នកដែលរងការលំបាកពីជំងឺ Covid -19 ។
២-ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវរៀបចំកសាងទីស្នាក់ការអតីតយុទ្ធជន នៅតាមបណ្តាថ្នាក់របស់ខ្លួន ដេីម្បីមានកន្លែងធ្វេីការ។ ដោយឡែកមេប៉ុស្តិ៍រដ្ឋបាល ត្រូវយកចិត្តទុកដាក់ចំពោះសមាជិកអតីតយុទ្ធជននៅក្នុងឃុំរបស់ខ្លួន។
៣-ថ្នាក់ដឹកនាំ ស អ ក ខេត្តត្រូវសហការជាមួយស្ថាប័នជំនាញធ្វេីជាសេនាធិការឱ្យអភិបាលខេត្តរៀបចំលិខិតស្នេីសុំដីទៅក្រសួងពាក់ព័ន្ធ ស្នេីសុំសម្តេចតេជោ កសាងផ្ទះជូនបងប្អូនដែលអត់ដី អត់ផ្ទះ និងអ្នករស់នៅលេីដីសាធារណៈនៅសល់ចំនួន១៦៦គ្រួសារទៀត។
៣-សូមឱ្យបងប្អូនអតីតយុទ្ធជនត្រូវរួមសាមគ្គី ឯកភាពគ្នាជឿជាក់ គាំទ្រការដឹកនាំ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ។ ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដោយធ្វេីជាភ្នាក់ងាររាយការណ៍ឱ្យប៉ុស្តិ៍រដ្ឋបាលផ្តល់ព័ត៌មានពីភាពមិនប្រក្រតី និង បទល្មើសផ្សេង ៗនៅក្នុងមូលដ្ឋានដើម្បីភូមិ ឃុំមានសន្តិសុខ សណ្តាប់ធ្នាប់។
ក្នុងនាមសម្តេចតេជោ លោកបានឧបត្ថម្ភ បងប្អូនអតីតយុទ្ធជន ទាំង១២០នាក់ ក្នុងម្នាក់ៗ ថវិកា៣ម៉ឺនរៀល និងអង្ករ២៥គ.ក្រផងដែរ៕សុខដុម