អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ទទួលបានការគាំទ្រគ្រប់គ្រាន់ក្នុងការបោះឆ្នោតជាបឋមរបស់បក្ស ក្លាយជាបេក្ខភាពផ្លូវការ តំណាងឲ្យគណបក្សប្រជាធិបតេយ្យ ក្នុងការប្រជែងកៅអីនៅសេតវិមានជាមួយប្រធានាធិបតីដូណាល់ ត្រាំ ក្នុងខែវិច្ឆកាឆ្នាំ២០២០នេះ។
លោកJoe Bidenទួលបានសន្លឹកឆ្នោតតំណាងគ្រប់ចំនួន១៩៩១ កាលពីថ្ងៃទី៥ ខែមិថុនា (ពេលវេលាអាមេរិក) តំណាងឲ្យបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោត តទល់ជាមួយលោកត្រាំ។ លោកJoe Biden ទទួលបានការគាំទ្រខ្ពស់ នៅក្នុងការបោះឆ្នោតជាបឋមនៅតំបន់ជាច្រើនក្នុងទឹកដីអាមេរិក នាថ្ងៃទី ៥ ខែមិថុនានេះ។
ការប្រជែងបេក្ខភាពរបស់គណបក្សប្រជាធិបតេយ្យពេលដំបូងមានដល់ទៅ២០ រូបចូលរួម ប៉ុន្តែក្រោយមក ក៏បានដកថយវិញ ក្រោយមិនទទួលបានការគាំទ្រច្រើន។ លោក Joe Biden ជាបេក្ខភាព សម្រេចចូលរួមប្រកួតប្រជែងតំណែងបេក្ខភាពតំណាងគណបក្សក្រោយគេ តែលោកទទួលបានការគាំទ្រខ្ពស់ ដោយសារតែមានបទពិសោធដឹកនាំអាមេរិក តាំងពីពេលលោកកាន់តំណែងជាអនុប្រធានាធិបតីអាមេរិក។
មានប្រសាសន៍ក្រោយបានក្លាយជាបេក្ខភាពពេញសិទ្ធរបស់គណបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតខាងមុខ លោកJoe Bidenបានបញ្ជាក់ថា« ខ្ញុំពិតជាមានមោទនភាពពេលចូលរួមប្រកួតប្រជេង ក្នុងគណបក្ស ប្រជាធិបតេយ្យ ជាមួយបុគ្គលដែលមានសមត្ថភាពខ្ពស់»។
លោកJoe Biden បានសន្យាថា និងចំណាយពេលជារៀងរាល់ថ្ងៃចាប់ពីពេលនេះ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ដើម្បីទទួលបានសន្លឹកឆ្នោតគាំទ្រពីពលរដ្ឋអាមេរិក។ លោកបានប្តេជ្ញាថា គណបក្សប្រជាធិបតេយ្យនឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ។
លោកJoe Bidenអាយុ៧៧ឆ្នាំ មានបទពិសោធ រាប់សិបឆ្នាំក្នុងឆាកនយោបាយ ដោយលោកមានបទពិសោធ៣៦ឆ្នាំជាសមាជិកព្រឹទ្ធសភាមុនពេលក្លាយជាអនុប្រធានាធិបតី ក្នុងអាណត្តិ របស់អតីតប្រធានាធិបតីអូបាម៉ា។ លើកនេះជាលើកទី៣ហើយដែលលោក ចូលរួមប្រជែងតំណែងប្រធានាធិបតីអាមេរិក៕