ខេត្តពោធិ៍សាត់៖ អ្នកក្លាហានពូកែព្រោកប្រាជ្ញដៀមដាមក្នុងវង់ផឹកសុី ត្រូវបានគូភាគីម្ខាងទៀតទាញព្រនង់ឫស្សីសំពងបែកក្បាលហូរឈាមកក្លាក់ តែបន្តិចក្រោយមកត្រូវសមត្ថកិច្ចនគរបាលចុះមកឃាត់ខ្លួនជនដៃដល់ដើម្បីយកទៅអនុវត្តតាមនីតិវិធី ។
ករណីហិង្សាដោយចេតនាខាងលើនេះបានកើតឡើងនៅវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចព្រៃភ្ញៀវ ស្ថិតនៅភូមិ.ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋានស្រុកនគរបាលស្រុកវាលវែងប្រាប់ថា ជនរងរបួសឈ្មោះ សួន ធឿន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ បានរងរបួសបែកក្បាល បង្កឡើងដោយជនសង្ស័យដៃដល់វាយនឹងដំបងឫស្សី ។
លោក វរសេនីយ៍ឯកបន្តថា ចំណែកជនសង្ស័យដៃដល់ឈ្មោះ ចាន់ ខួច ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា។ជនបង្កហេតុត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងនាំទៅអធិការដ្ឋានដើម្បីសួរនាំ និងបន្តនីតិវិធី។ ចំណែកជនរងរបួសបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពប្រមោយ។ លោកអធិការបានបញ្ជាក់បន្ថែមថា អំពើហិង្សានេះកើតឡើងក្នុងវង់ផឹកសុីបន្ទាប់ពីស្រវឹងរៀងៗខ្លួនក៏មានទំនាស់ពាក្យសម្ដីគ្នាទាញព្រនង់ឫស្សីវាយផូងតែម្ដង ៕ ដោយៈ បុឹម ពិន