ខេត្តកណ្ដាល៖ កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន១០០គ្រួសារមកពីឃុំចំនួន៣ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះទាំងអស់ដោយក្តីនឹករឭក។
ជាមួយគ្នានេះលោកបានបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏សម្តេចតែងបានផ្តល់ភាពកក់ក្តៅដល់បងប្អូនប្រជាពលរដ្ឋជានិច្ចក្នុងគ្រាលំបាកនានា ពោលគឺទីណាមានការលំបាក ទីនោះមានកាកក្រហមកម្ពុជា ហើយការជួយគឺធ្វើឡើងដោយមិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។
លោកអភិបាលខេត្តបន្តថា អំណោយដែលបានយកមកចែកជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ គឺគ្រួសារចាស់ជរាឥតទីពឹង ,គ្រួសារជនពិការ ,គ្រួសារកុមារកំព្រា ,គ្រួសារស្ត្រីមេម៉ាយកូនច្រើន ,គ្រួសារអ្នកជំងឺរ៉ាំរ៉ៃ និងគ្រួសារដែលទីទ័លក្របំផុតជាដើម។
លោកបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់មិនត្រូវមានការធ្វេសប្រហែសជាមួយជំងឺកូវីដ-១៩ឡើយ បើទោះបីជានៅប្រទេសកម្ពុជារបស់យើង មានស្ថានភាពល្អប្រសើរក៏ដោយ តែនៅទូទាំងពិភពលោកមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ដូច្នេះយើងត្រូវតែអនុវត្តឱ្យបានជាប្រចាំនូវការសម្អាតអនាម័យខ្លួនប្រាណ លាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែល ហើយបើចេញក្រៅត្រូវពាក់ម៉ាស់ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលបានទទួលអំណោយទាំង១០០គ្រួសារនោះ គឺក្នុង១គ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ទឹកសុទ្ធ ១កេស ,ទឹកត្រី ១យួរ , ខ្ទឹមស ១កញ្ចប់ ,ទឹកអាល់កុល ១ដប ,ម៉ាស់ ១០បន្ទះ, ទឹកដោះគោ២កំប៉ុង និងថវិកា ១៣ម៉ឺនរៀល៕ ឆ ដា