ភ្នំពេញ៖ ថ្មីៗនេះសិល្បករល្បីឈ្មោះប្រមាណ២០នាក់បានបង្ហាញវត្តមាននៅបរិវេនស្តាតចាស់ដើម្បីត្រៀមចូលរួមសម្តែងព្រឹត្តិការណ៍ល្ខោនខោលដ៏អស្ចារ្យ២០២០។
តារាប្រុសល្បីៗទាំងនោះមានដូចជា តារាសម្តែង លោក អ៊ុន សិទ្ធា តារាសម្តែង លោក នូ ឧសភា តារាចម្រៀង លោក យុទ្ធ និស្ស័យ តារាចម្រៀងរ៉េប លោក នេន ទុំ តារាចម្រៀងលោក សយ រតនៈ តារាសម្តែងលោក សន ពិសិដ្ឋ ជាដើម។
ព្រឹត្តិការណ៍ល្ខោនខោល២០២០ គ្រោងរៀបចំឡើង ដើម្បីលើកស្ទួយសិល្បៈវប្បធម៌ល្ខោនខោល និងអបអរការដាក់បញ្ចូលល្ខោនខោលជាសម្បតិ្តបេតិកភណ្ឌអរូបីនៃមនុស្សជាតិ។
ការសម្តែងក្នុងសណ្ឋានមួយដ៏ធំពិសេសបំផុត តាំងពីភ្លើងពណ៌ ឆាក និងការរៀបចំឆាកយ៉ាងស្រស់ស្អាត។ ទោះជាយ៉ាងណាតាមការបញ្ជាក់ពីលោក ស៊ុប សក្ខរា អ្នករៀបចំព្រឹត្តិការណ៍នេះ ព្រឹត្តិការណ៍ល្ខោនខោល២០២០ ត្រូវលើកពេលក្នុងការប្រារព្ធពិធី តែកាលបរិច្ឆេទជាក់លាក់នៃការផ្លាស់ប្តូរ លោក និងក្រុមការងារនឹងជម្រាបជូនតាមក្រោយ។
ជាមួយគ្នានេះ លោកបានលើកឡើងពីបញ្ហាថវិកាក្នុងការរៀបចំព្រឹត្តិការណ៍ល្ខោនខោល២០២០នេះផងដែរ ដោយតាមការគ្រោងព្រឹត្តិការណ៍ដ៏មហោឡារិកនេះ ត្រូវការថវិកាចំណាយរហូតដល់ជាង១ពាន់លានរៀល ប៉ុន្តែចាប់តាំងពីប្រកាសដាក់ហិបមូលនិធិតាមទីតាំងផ្សេងៗគ្នារួចមក រហូតដល់ពេលនេះ ថវិកាដែលទទួលបានមានជាង៦០លានរៀលប៉ុណ្ណោះ ដែលត្រូវការការជួយបន្ថែមទៀត។
សិល្បករដែលបានចូលរួមហ្វឹកហាត់បាន រៀបរាប់ឲ្យដឹងស្រដៀងគ្នាថា គោលបំណងចម្បងដែលលោកចូលរួមហាត់ល្ខោនខោលនេះ ដោយសារលោកចង់កែនប្រជាជនខ្មែរឲ្យចូលរួមស្រលាញ់ល្ខោនខោល និងបញ្ជូលកូនឲ្យមកហ្វឹកហាត់ល្ខោនខោល ដើម្បីឲ្យស្គាល់ល្ខោនខោលជារបស់ខ្មែរ ល្ខោនខោល ជាព្រលឹងរបស់ប្រទេសកម្ពុជា។ប្រភពថាពួកគេហាក់មានអារម្មណ៍ថា ដូចមានអ្វីចម្លែកម៉្យាងព្រឺសម្បុពេលគ្រងឈុតល្ខោនខោលហើយ ៕ ដោយ វឌ្ឍនា