ភ្នំពេញ៖ ប្រជាពលរដ្ឋបានឲ្យដឹងថាកាលពីវេលាម៉ោង ២រសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតនៅប្របចិញ្ចើមផ្លូវជាតិលេខ៥ ក្នុងភូមិលូ សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីភ្លើងឆេះរថយន្តព្រូសមួយគ្រឿងដែលម្ចាស់ចតនៅក្បែរចិញ្ចើមផ្លូវ ហើយករណីនេះគេសង្ស័យថាអាចមានអ្នកលួចដុត ដូច្នេះហើយទើបសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់យកទៅសួរនាំនៅប៉ុស្តិ៍ផងដែរ។
រថយន្តដែលរងការខូចខាតនេះម៉ាកព្រូស ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BG- 0659 ត្រូវបានម្ចាស់ចតទុកនៅអែបចិញ្ចើមផ្លូវជាតិលេខ៥ រួចដើរចេញទៅលេងផ្ទះបងប្អូនដែលស្ថិតនៅក្នុងភូមិក្បែរនេះ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងទ្បើយគេឃើញបុរសសង្ស័យម្នាក់នៅកន្លែងកើតហេតុនេះ ព្រមទាំងមានដបសាំងដាក់នៅលើស្មៅខាងក្រោយរថយន្តខាងលើផង ហើយក្រោយពីរថយន្តឆេះក៏មានបន្សល់ទុកសាំងក្នុងដបនោះខ្លះផងដែរ។
ដោយទ្បែកបើតាមប្រសាសន៍របស់មេភូមិលូ បានឲ្យដឹងថា ករណីឆេះរថយន្តនេះ គាត់សង្ស័យមានអ្នកលួចដុត។ក្នុងហេតុការណ៍នេះ បន្ទាប់ពីប្រជាពលរដ្ឋជួយពន្លត់ភ្លើងរួច សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងយកវត្ថុតាងដបសាំង និងហៅម្ចាស់រថយន្តទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលដើម្បីឱ្យដឹងរឿងហេតុពិតប្រាកដ។
យ៉ាងណាមិញជុំវិញករណីនេះ គេនៅមិនទាន់ដឹងច្បាស់នោះទេ ដោយសមត្ថកិច្ចកំពុងធ្វើការសួរនាំទៅតាមនីតិវិធី៕អរុណរះ