ផ្ទះ៣៣ខ្នងដួលរលំនិងរបើកដំបូលដោយសារភ្លៀងនិងខ្យល់កន្ត្រាក់នៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ផ្ទះប្រជាពលរដ្ឋ៣៣ខ្នងក្នុងឃុំចំនួន៣នៅស្រុកស្វាយជ្រំបានដួលរលំរាបដល់ដី និងផ្ទះខ្លះទៀតរងផលប៉ះពាល់របើកដំបូល បន្ទាប់ពីភ្លៀងធ្លាក់មួយមេធំលាយឡំនឹងខ្យល់កន្ត្រាក់បោកបក់យ៉ងខ្លាំង តែសំណាងដែរដែលមិនមានបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សសត្វ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នៅឃុំក្រោលគោ ឃុំស្វាយអង្គនិងឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

បើតាមមន្ត្រីសាលាស្រុកស្វាយជ្រំបានឱ្យដឹងថា នៅវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ មានភ្លៀងនិងខ្យលកន្ត្រាក់បានកើតឡើងបណ្ដាលឱ្យឃុំចំនួន៣នៅស្រុកស្វាយជ្រំដួលរលំផ្ទះ៤ខ្នង និងរបើកដំបូល២៩ខ្នងក្នុងនោះមានឈ្មោះ ពៅ ហឿន ភេទប្រុស អាយុ៥៧ឆ្នាំរស់នៅភូមិស្វាយអង្គ ឃុំស្វាយអង្គ បណ្តាលឱ្យរលំផ្ទះទាំងស្រុងចំនួន១ខ្នង។

ចំណែកនៅឃុំគោកព្រីងមានរបើកដំបូល១ខ្នង និងឃុំក្រោលគោ រលំទាំងស្រុងចំនួន៣ខ្នង ក្នុងនោះ
ឈ្មោះ ខឹម សារី ភេទប្រុស អាយុ៥៣ឆ្នំារស់នៅភូមិបឹងរ៉ៃខាងត្បូង ឃុំក្រោលគោផ្ទះមានទំហំ៦ម៉ែត្រគុណ៧ម៉ែត្រធ្វើអំពីឈើប្រក់សង្ក័សីបណ្តាលឱ្យរលំទាំងស្រុង។
ទី២-ឈ្មោះមាន ឃាំងរៀម ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិព្រៃធ្នង់ ឃុំក្រោលគោ ផ្ទះទំហំ៥ម៉ែត្រគុណ៦ម៉ែត្រធ្វើអំពីឈើប្រក់សង្ក័សីបានរលំទាំងស្រុង។
ទី៣-ឈ្មោះម៉ៅ ហច ភេទប្រុសអាយុ៥១ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំក្រោលគោ ផ្ទះទំហំ៤ម៉ែត្រគុណនិឹង៦ម៉ែត្រធ្វើអំពីឈើប្រក់សង្ក័សីបានរលំទាំងស្រុង។

ប្រភពបន្តថា ចំណែកផ្ទះ២៨ខ្នងទៀតក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រំ ត្រូវរបើកដំបូល ប៉ុន្តែមិនបណ្ដាលឱ្យរងគ្រោះថ្នាក់ដល់អាយុជីវិតនិងរងរបួសនោះទេ។

អាជ្ញាធរស្រុកស្វាយជ្រំអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលដែលមានភ្លៀងខ្យល់រន្ទះត្រូវរកទីទួលសុវត្ថិភាពកុំចេញទៅតាមវាល ហើយត្រូវបិទទូរស័ព្ទ ទូរទស្សន៍ វិទ្យុ ព្រោះវត្ថុអស់ទាំងនេះស្រូបចរន្តបណ្តាលឲ្យងាយគ្រោះថ្នាក់ខ្លាំងណាស់៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print