ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងផ្លាស់ប្តូរទីតាំងទីលានចាក់សំរាម ទៅនៅតាមបណ្ដោយផ្លូវ លេខ៥១ នៅក្នុង ស្រុកក្នុងអង្គស្នួល ខេត្តកណ្ដាលលើទំហំដីប្រមាណ២០ទៅ៥០ហិកតាថ្មីវិញ ហើយទីតាំងចាក់សំរាមនៅក្នុងខណ្ឌដង្កោបច្ចុប្បន្ន និងរក្សាទុកជាទីតាំងសម្រាប់ផ្ទេរសំរាមវិញ ។ នេះបើតាមការបញ្ជាក់ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣របស់ក្រុម ប្រឹក្សារាជធានីភ្នំពេញ.នាព្រឹកថ្ងៃទី១១ មិថុនា ឆ្នាំ២០២០ នៅ សាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា នៅពេលដែល យើងផ្ទេរទៅកាន់ទីលានចាក់សំរាមថ្មីហើយនោះ ទីតាំងចាក់សំរាមចាស់ ក្នុងខណ្ឌដង្កោនឹងទុកជាកន្លែងផ្ទេរសំរាម ។ ក្រៅពីនេះយើងក៏បានជ្រើសរើសយក ទីតាំងផ្ទេរសម្រាមចំនួនបីផ្សេងទៀតនៅជាយរាជធានីភ្នំពេញ ដែលក្នុងនោះ នៅខណ្ឌព្រៃកព្នៅមាន២ ទីតាំង ខណ្ឌសែនសុខមាន១ទីតាំង និងនៅខណ្ឌ ពោធិ៍សែនជ័យមាន១ទីតាំង ។ ដោយសារបីទីតាំងនេះ ក៏កំពុងហានិភ័យ នៃការទទួលសំរាមដោយទីតាំងនីមួយៗ ត្រូវពេញ និងហៀរទៅហើយ។
លោកឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានដេញថ្លៃក្រុមហ៊ុនដឹកជញ្ជូនសំរាមចំនួនបីរួចហើយ ហើយក្រោយពីក្រុមហ៊ុនទាំងបីបានអនុវត្តការងាររបស់ខ្លួនហើយនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការក្តៅ ហើយចំពោះអ្នកដែលមិនបាន បង់ថ្លៃសំរាម នឹងមានវិធានការចំពោះអ្នកទុកដាក់ សំរាមអាណាធិបតេយ្យផងដែរ។
ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានឯកភាពពីការយកចិត្ដទុកដាក់អនាម័យបរិស្ថានឲ្យបានល្អជាមុខសិនដែរ នៅទីក្រុងយើងបច្ចុប្បន្ន។ គឺទីមួយត្រូវតែដោះស្រាយរឿងសំរាមជាមុនសិនទើបចាប់ផ្ដើមធ្វើកិច្ចការងារផ្សេងៗជាក្រោយទៀត ។
លោកបន្ដថា៖ រាល់ថ្ងៃនេះអាជ្ញាធរក៏កំពុងអប់រំ បងប្អូនឲកយចេះទុកដាក់សំរាម ។ ដោយសារសព្វថ្ងៃនេះជំងឺកូវីដ–១៩ ដែលបាននិងកំពុងរាតត្បាតពេញពិភពលោក ហើយព្រះរាជាណាចក្រកម្ពុជាក៏ជាប្រទេសមួយ បានប្រឈមនឹងបញ្ហានេះដែរនោះ លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ផងដែរថា ជុំវិញជំងឺកូវីដ–៩នេះ អាជ្ញាធររាជធានីភ្នំពេញបានមានវិធានការគ្រប់ជ្រុងជ្រោយ ដោយបានធ្វើការណែនាំដល់អាជ្ញាធរគ្រប់ខណ្ឌទាំង១៤ ដើម្បីបង្ការនិងទប់ស្កាត់នូវការឆ្លងពីជម្ងឺកូវីដ–១៩នេះ ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ដោយបានដាក់ទីតាំងចត្តាទ្បីស័កនៅតាមសាលារៀនមួយចំនួនផងដែរ។
សូមបញ្ជាក់ផងដែរថា៖ កិច្ចប្រជុំក្រុមប្រឹក្សា រាជធានីភ្នំពេញ នេះធ្វើឡើងក្រោមវត្តមាន លោកប៉ា សុជាតិវង្ស. ប្រធានក្រុមប្រឹក្សារាជធានី និង ភ្នំពេញ លោកឃួង ស្រេង. អភិបាលរាជធានីភ្នំពេញព្រមទាំងមានការចូលរួម ពីមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជំរុញឲ្យរដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតការងារឲ្យកាន់តែប្រសើរឡើងទាំងការកសាងហេដ្ឋារចនា សម្ព័ន្ធនានា និងការបម្រើសេវាសាធារណៈជូនប្រជា ពលរដ្ឋជាដើម៕. សំរិត