ខេត្តរតនគិរី៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុងធ្វើការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ក្នុងនោះមានម្នាក់ជាប់សង្ស័យពីបទលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនិង២នាក់ទៀតជាប់សង្ស័យពីបទជួញដូរសារធាតុញៀន។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២០ ក្រោយពីទទួលបានពាក្យបណ្តឹងប្រជាពលរដ្ឋអំពីករណីលួចកាលពីយប់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២០ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯកហួត បូរី អធិការនគរបាលក្រុង និងដឹកនាំសម្របសម្រួលនិីតិវិធីដោយលោករ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
តាមរយៈការស្រាវជ្រាវយ៉ាងម៉ត់ចត់ទើបឈានដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ អំពីករណីលួចគ្រឿងបន្លាស់ទូរសព្ទដៃ។
ក្រោយមកទើបបន្តទៅឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទៀតជាប់ពាក់ព័ន្ធនឹងករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ នៅត្រង់ចំណុចក្រោយវត្តភ្នំស្វាយ ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
ជនសង្ស័យដែលឃាត់ខ្លួនបាននោះទី១. ឈ្មោះ ស៊ុន វ៉ូវ (ហៅ តឿ) ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ, ទី២. ឈ្មោះ ហ្វុុត ប៊ុនវី (ហៅ វី) ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ និងទី៣. ឈ្មោះ គង់ ចន្ទរតនា (ហៅ រត្ន័) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ។
ក្រោយឃាត់ខ្លួនកម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖
ករណីលួច៖ គ្រឿងបន្លាស់ទូរស័ព្ទមួយចំនួន(SimCard, Powerbank, ដុំសាកទូរស័ព្ទ...) ។
ករណីគ្រឿងញៀន៖ មានម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន ២ កញ្ចប់ធំ និង៣កញ្ចប់តូច និងសម្ភារសេពគ្រឿងញៀនមួយចំនួនទៀតផងដែរ ។
ជនសង្ស័យទាំង៣នាក់ខាងលេី និងវត្ថុតាងត្រូវបានកម្លាំងនគរបាលក្រុងបានលុងឃាត់ខ្លួននិងរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិីតិវិធីបន្ត៕ ដោយ ជីវ័ន្ត