ភ្នំពេញ៖ រថយន្ដធុនធំដឹកជ្រូកមួយគ្រឿងបានរេចង្កូតឡើងខឿនផ្លូវអូសជាង៥០ម៉ែត្ររួចក៏បន្ដដំណើរទៅបុកធ្លុះរបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អដែរដែលមិនមាននរណាម្នាក់រងរបួសនោះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវវិមានឈ្នះ=ឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ដធុនធំដឹកជ្រូកមួយគ្រឿងក្បាលពណ៌សបើកក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈនោះមិនដឹងថាកៃកុងរថយន្ដងោករឬក៏មានបញ្ហាបច្ចេកទេសរថយន្ដយ៉ាងណានោះទេស្រាប់តែរេចង្កូតទៅបុកខឿនផ្លូវអូសជាង៥០ម៉ែត្ររួចក៏បន្ដទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យធ្លុះនិងរងការខូចខាតសម្ភារមួយចំនួនទៀតផង។ ចំណែកឯតៃកុងវិញបានទាក់ទងទៅខាងក្រុមហ៊ុនឲ្យជួយដោះស្រាយជាមួយម្ចាស់ផ្ទះទៅលើការខូចខាត។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុហើយបានទាក់ទងទៅខាងជំនាញចរាចរណ៍មកធ្វើការវាស់វែងយករថយន្ដបង្កទៅរក្សាទុករង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកឯអ្នកបើករថយន្ដបង្កក៏ដូចជាអ្នកតំណាងក្រុមហ៊ុនរង់ចាំដោះស្រាយទៅលើការខូចខាតជាមួយម្ចាស់ផ្ទះនៅពេលក្រោយ៕ដោយភារ៉ា ដង្កោ