Real Madrid លេងក្នុងទឹកដីបណ្តោះអាសន្ន ជាប្រកួតទី២០០ ក្រោមការដឹកនាំរបស់លោក Zidane

ចែករំលែក៖

អេស្ប៉ាញ៖ Real Madrid បានបន្តការប្រកួតក្របខ័ណ្ឌ La Liga របស់ពួកគេដោយបានយកឈ្នះក្រុមភ្ញៀវ Eibar ក្នុងលទ្ធផល ៣-១។ ការប្រកួតនេះគឺជាការប្រកួតលើកទី២០០របស់លោក Zinedine Zidane ក្នុងនាមជាអ្នកចាត់ការទូទៅក្រុម ស្តេចសមួយនេះ។

ពហុកីឡាដ្ឋាន Bernabeu កំពុងត្រូវបានកែលម្អ ដូច្នេះក្រុម Real Madridត្រូវប្រកួតក្នុងទឹកដីដែលនៅសល់របស់ពួកគេនៅឯ Estadio Alfredo di Stefano វិញ ដែលជាកន្លែងហ្វឹកហាត់របស់ពួកគេ។

ខ្សែបម្រើ Toni Kroos ជាអ្នករកគ្រាប់បាល់ឲ្យក្រុមម្ចាស់ផ្ទះដំបូងគេក្រោយចាប់ផ្តើមប្រកួតបានតែ៤នាទីប៉ុណ្ណោះ។ គ្រាប់បាល់ទី២រកបានដោយកីឡាករខ្សែការពារ Sergio Ramos នៅនាទីទី៣០ និងគ្រាប់បាល់ទី៣រកបានដោយខ្សែបម្រើស្លាបសក់សំពោង Marcelo នៅនាទីទី៣៧។ ចំណែកក្រុមភ្ញៀវ Eibar រកសងវិញមួយគ្រាប់ដែរនៅនាទីទី៦០ដោយកីឡាករ Pedro Bigas ។ ចំណែកកីឡាករ Gareth Bale បានចូលលេងក្នុងនាមជាកីឡាករបម្រុងក្នុងតង់ទី២ តែមិនបានរកគ្រាប់បាល់បាននោះទេ ។

ក្រោយទទួលបានជ័យជម្នះក្រុម Real Madrid បន្តឈរចំណាត់ថ្នាក់លេខ២មាន៥៩ពិន្ទុចាញ់ក្រុមលេខ១ Barcelona ២ពិន្ទុប៉ុណ្ណោះ។ ចំណែកក្រុម Eibar ក្រោយចាញ់កាលពីយប់មិញ បានធ្លាក់ដល់កៀកនឹងតំបន់កាត់ចោលក្នុងចំណាត់ថ្នាក់លេខ១៧ មានតែ២៧ពិន្ទុប៉ុណ្ណោះ ។

ទីលានប្រកួតដែលក្រុម Real Madrid យកធ្វើជាម្ចាស់ផ្ទះគឺជាមូលដ្ឋានហ្វឹកហាត់របស់ក្លឹបជាផ្ទះរបស់ក្រុម Real Madrid B និងមានសមត្ថភាពដាក់មនុស្សបានត្រឹមតែ៦០០០ នាក់ប៉ុណ្ណោះមានវិមាត្រដូចគ្នានឹង Bernabeu ដែរ។

សូមបញ្ជាក់ថា ក្របខ័ណ្ឌ La Liga នឹងមានកម្មវិធីប្រកួតនៅរាត្រីថ្ងៃចន្ទនេះចំនួន២គូដែរគឺក្រុម Levante ប៉ះក្រុម Sevilla នៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ និងមួយក្រុមទៀតគឺជាការជួបគ្នារវាងក្រុម Real BetisនឹងGranada នៅវេលាម៉ោង៣ទៀបភ្លឺដែលជាការប្រកួតសម្រាប់សប្តាហ៍ទី២៩ ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print