រឿងព្រេង​÷ទាក់ទង​នឹង​ពិធី​សុំ​ទឹក​ភ្លៀង

ចែករំលែក៖

ទឹក​ភ្លៀង ជា​វត្ថុ​ធាតុ​មួយ​ដ៏​វិសេស ទោះ​បី​រុក្ខជាតិ សត្វ​ក្ដី មនុស្ស​ក្ដី សឹង​អាស្រ័យ​ទឹក​ភ្លៀង​ដើម្បី​រស់​ទាំង​អស់ ។ អស់​រដូវ​ប្រាំង​ទាំង​មូល ដែល​នាយ​ឧទ្យាន ខំ​ស្រោច​ស្រព​ដំណាំ​ដោយ​ទឹក តែ​ការ​ចម្រើន​លូត​លាស់​ដំណាំ​នោះ មិន​ស្មើ​នឹង​បាន​ទឹក​ភ្លៀង​ស្រោច​ស្រព​ម្ដង​ទេ ។ ដូច្នេះ​ក្នុង​គ្រា ឬ​ឆ្នាំ​ណា​ដែល​ខ្វះ​ទឹក​ភ្លៀង រមែង​មាន​ហេតុ​ភ័យ​បណ្ដាល​ឡើង​ពីរ​យ៉ាង គឺ ភ័យ​អំពី​ការ​អត់​ឃ្លាន​ម្យ៉ាង ភ័យ​អំពី​រោគា​ព្យាធិ​ម្យ៉ាង ។ ភ័យ​អន្តរាយ​ដ៏​ធំ​ទាំង​ពីរ​យ៉ាង​នេះ​ឯង​ហើយ ជា​កត្តា​ឲ្យ​ទំនៀម​សុំ​ភ្លៀង ទៅ​ជា​ទំនៀម​មួយ​យ៉ាង​សំខាន់ ដែល​ខ្មែរ​យើង​រក្សា​ទុក បាន​ឋិត​ថេរ​ត​មក ។ ការ​រាំង​ភ្លៀង តែង​ធ្វើ​ឲ្យ​សត្វ​លោក​រង​ទុក្ខ​វេទនា​ខ្លាំង​បំផុត។

មាន​សេចក្ដី​ដំណាល​ថា3 ក្នុង​កាល​កន្លង​ទៅ​ហើយ ព្រះ​សម្មា​សម្ពុទ្ធ​បរម​គ្រូ​នៃ​យើង ព្រះ​អង្គ​ទ្រង់​យោន​យក​កំណើត​ជា​សត្វ​ត្រី​រ៉ស់ ស្ថិត​នៅ​ក្នុង​ស្រះ​មួយ នា​វស្ស​បុរី ។ កាល​នោះ ក្នុង​វស្ស​បុរី​ទាំង​មូល ពុំ​មាន​បង្អោរ​ភ្លៀង​ចុះ​សោះ, លុះ​រាំងរឹះ​យូរ​ៗ ទៅ ទឹក​បឹង ទឹក​ត្រពាំង ក៏​រីង​ហួត​អស់ ។ ចំណែក​ស្រះ​ដែល​មាន​ស្ដេច​ត្រី​រ៉ស់​នៅ​នោះ ក៏​រីង​ខ្លះ​ដែរ នៅ​សល់​តែ​ភក់​ខាប់ ។ ពេល​នោះ ពួក​ត្មាត កុក និង ក្រសារ​ទាំង​ឡាយ នាំ​គ្នា​ចុះ​ចឹក​ត្រី​នៅ​ក្នុង​ស្រះ​ស៊ី​យ៉ាង​រីករាយ ជា​រៀង​រាល់​ថ្ងៃ ។ ស្ដេច​ត្រី​រ៉ស់ ក៏​បង្គាប់​ពួក​ត្រី​ទាំង​ឡាយ ឲ្យ​មុជ​ចូល​ជ្រក​លាក់​ខ្លួន​ក្នុង​ភក់​យ៉ាង​វេទនា​ណាស់ ។ ថ្ងៃ​មួយ ស្ដេច​ត្រី​រ៉ស់ ជំនុំ​នឹង​ត្រី​រងគ្រោះ​ឯ​ទៀត​ថា “តាំង​ពី​ពួក​យើង​មក​ចាប់​កំណើត​ជា​ត្រី​នេះ មិន​ដែល​ធ្វើ​អ្វី​បៀតបៀន​សត្វ​ណា​ម្ដង​ទេ មិន​គួរ​ឡើយ យើង​មក​ទទួល​ការ​លំបាក​យ៉ាង​នេះ​សោះ” ។ គ្រា​នោះ ស្ដេច​ត្រី​រ៉ស់ តាំង​អធិដ្ឋាន​បួង​សួង​នឹក​ដល់​គុណ​ព្រះ​រតន​ត្រ័យ​ថា “សូម​តេជះ​គុណ​កែវ​ទាំង ៣ ជា​ទី​ពឹង​របស់​សត្វ​លោក សូម​ព្រះ​អង្គ​ជួយ​ស្រោច​ស្រង់​យើង​ទាំងឡាយ​ផង !” ។

នៅ​ពេល​នោះ ក៏​កើត​ហេតុ​អស្ចារ្យ គឺ​ក្ដៅ​ដល់​ទៅ​អាសនា​ព្រះ​អម្រិន្ទាធិរាជ ។ បាន​ជ្រាប​ហេតុ​អស្ចារ្យ​ដូច្នេះ ព្រះ​ឥន្ទ្រាធិរាជ ទ្រង់​ត្រាស់​ប្រើ​ទេវ​បុត្ត ១ អង្គ ឲ្យ​បង្អុរ​ភ្លៀង​ចុះ​មក​សព្វ​ទិស​ទី លិច​ទី​ទាប​គ្មាន​សល់ ។ ស្ដេច​ត្រី​រ៉ស់ ព្រម​ទាំង​ពពួក​ត្រី​ទាំងឡាយ បាន​សេចក្ដី​សុខ​សប្បាយ តាំង​ពី​ពេល​នោះ​មក ។

ដោយ​មាន​រឿង​អស្ចារ្យ​យ៉ាង​នេះ​ឯង​ហើយ ទើប​កាល​ណា​មាន​ការ​រាំងរឹះ អ្នក​ស្រុក តែង​នាំ​គ្នា​ធ្វើ​ពិធី​សុំ​ទឹក​ភ្លៀង ដោយ​មាន​និមន្ត​ព្រះ​សង្ឃ​សូធ្យ​ធម៌ សុកោន្ថោ មាន​ធ្វើ​ស្រះ​តូច​មួយ ហើយ​រក​ត្រី​រ៉ស់​យក​ទៅ​ដាក់​ឲ្យ​ហែល​ក្នុង​ទឹក​នោះ រួច​ធ្វើ​ពិធី​បួង​សួង​សុំ​ទឹក​ភ្លៀង​ទៅ ៕ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print