ភ្នំពេញ៖នាពេលកន្លងមក សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អះអាងថា នឹងខិតខំរិះរកមធ្យោបាយធ្វើយ៉ាងណាអោយតម្លៃជ្រូករស់មកនៅត្រឹម ១២,០០០រៀល ក្នុងមួយគីឡូក្រាម នាថ្ងៃចន្ទទី១៥ ខែមិថុនា ឆ្នាំ២០២០ ។ ប៉ុន្តែ គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នេះ សាច់ជ្រូក នៅតែថ្លៃដដែល ។
ក្រុមអាជីវករលក់សាច់ជ្រូកនៅផ្សារច្បារអំពៅ ថ្លែងប្រាប់ថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នេះ សាច់ជ្រូកសុទ្ធ គឺ ១គីឡូក្រាមតម្លៃ២៥,០០០រៀល និង សាច់ឆ្អឹងជំនី ១គីឡូក្រាម ក្នុងតម្លៃ៣២,០០០រៀល ។
ក្រុមអាជីវករទាំងនេះ បន្តថា ដោយសារការយកសាច់ជ្រូកពីឈ្មួញនៅតែថ្លៃដដែល ។ ដូច្នេះ ក្រុមអាជីវករ មិនអាចលក់ចុះថោកបានទេ ពោលគឺ តម្លៃនៅតែថ្លៃដដែល ។
សូមបញ្ជាក់ថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ បានបញ្ជាក់ថា ដើម្បីអនុវត្តតាមអនុសាសន៍របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ កុំអោយតម្លៃជ្រូករស់ខ្ពស់ពេក ធ្វើអោយប៉ះពាល់ដល់អ្នកបរិភោគ , សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នឹងខិតខំរិះរកមធ្យោបាយធ្វើយ៉ាងណាអោយតម្លៃជ្រូករស់មកនៅត្រឹម ១២,០០០រៀល ក្នុងមួយគីឡូក្រាម នាថ្ងៃចន្ទទី១៥ ខែមិថុនា ឆ្នាំ២០២០ ។
ប៉ុន្តែ គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នេះ សាច់ជ្រូក នៅតែថ្លៃដដែល ៕