ភ្នំពេញ ៖ ជាមួយនឹងការស្វាគមន៍ចំពោះការសម្រេចបានការព្រមព្រៀងជាឯកច្ឆ័ន្ធពេលចរចាជុំទី៣នោះ កម្ពុជា-ចិនរំពឹងថា នឹងបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរួមនៃ កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិនលើកទី ៥។
កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន លើកទី ៥ ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ(Video Conference) ដឹកនាំដោយសហប្រធានលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសាធា រណរដ្ឋប្រជាមានិតចិន។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នារៀបចំពិព័រណ៍ពាណិជ្ជ កម្ម និងវិនិយោគរវាងប្រទេសទាំងពីរនាពេលវេលាសមស្រប និងលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនជាច្រើនទៀតមកវិនិយោគនៅកម្ពុជា និងអនុវត្តន៍គម្រោងសហប្រតិបត្តិការក្នុងផែនការអភិវឌ្ឍន៍វិស័យកសិកម្ម ការពារបរិស្ថាន និងលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ល។ ភាគីទាំងពីរ នឹងពន្លឿនការអនុវត្តពិធីសារ ស្ដីពីការនាំចេញស្វាយកម្ពុជាទៅកាន់ប្រទេសចិន ដែលបានចុះហត្ថលេខាថ្មីៗនេះ និងសកម្មពង្រីការនាំចេញ ចេក ដំឡូងមី និងផលិតផលកសិកម្មកម្ពុជាដែលមានគុណភាពផ្សេងទៀត។ ភាគីទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការរួមគ្នាការពារ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងសុខភាពសាធារណៈ ដោយចែករំលែកព័ត៌មានស្ដីពីការស្រាវជ្រាវ និងការអភិវឌ្ឍវ៉ាក់សាំង និងឱសថ។
ជាមួយគ្នានេះ ភាគីទាំងពីរ ឯកភាពគ្នាបង្កើតយន្តការផ្លាស់ប្ដូរមន្ត្រីបន្ទាន់ និងបង្កើតច្រកបៃតងសម្រាប់ទំនិញ ដែលនឹងត្រូវពិភាក្សាបញ្ចប់បន្តទៀត ដើម្បីរក្សាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់ឧស្សាហកម្ម។ ភាគីទាំងពីរ សន្យារួមគ្នាជំរុញគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់ រួមទាំងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពហុបំណង និងគម្រោងវិនិយោគធំៗជាច្រើនទៀត។ ទន្ទឹននេះ ភាគីទាំងពីរ ឯកភាពគ្នាចរចាលើផែនការអនុវត្តថ្មី សម្រាប់កិច្ចសហប្រតិបត្តិការ វប្បធម៌ និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ប្រទេសទាំងពីរ នឹងជំរុញទេសចរជាច្រើនទៀត ឱ្យទៅទស្សនាទៅវិញទៅមក និងពិនិត្យលទ្ធភាពបង្កើតឱ្យមាន one-way និង close-loop chartered planes សម្រាប់ភ្ញៀវទេសចរប្រសិនបើលក្ខខណ្ឌតម្រូវនានា ត្រូវបានអនុញ្ញាត ដើម្បីជំរុញការរស់ឡើងវិញ នៃឧស្សាហកម្មទេសចរណ៍។
គម្រោងមួយចំនួនគួរចាប់ផ្តើមអនុវត្តន៍ឡើងវិញ តាមដែលអាចធ្វើទៅបានដោយមានការពិចារណា អំពីការរីករាលដាលនៃជំងឺឆ្លងផងដែរ ក្នុងនោះមានការផ្លាស់ប្តូរនៃក្រុមវប្បធម៌ ការអភិរក្ស និងស្តារបេតិកភណ្ឌនៅតំបន់អង្គរ និងការបណ្តុះបណ្តាលអត្តពលិកកម្ពុជាជាដើម។ ភាគីចិន នឹងបង្កើតស្ថានកុងស៊ុលមួយនៅខេត្តព្រះសីហនុនៃប្រទេសកម្ពុជា ហើយភាគីកម្ពុជា នឹងបង្កើតអគ្គកុងស៊ុលមួយនៅទីក្រុងជីណាននៃប្រទេសចិន។
ជាមួយគ្នានេះដែរ ភាគីទាំងពីរឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ចរចាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការសុខភាពកងទ័ព និងបន្តកិច្ចសហប្រតិបត្តិការលើគម្រោងសំខាន់ៗ ដូចជាសមយុទ្ធយោធារួមគ្នា និងការអភិវឌ្ឍ បណ្ឌិតសភាយោធាជាដើម។ល។ ភាគីទាំងពីរ គួរតែផ្តល់តួនាទីពេញលេញ ដល់កិច្ចសហប្រតិបត្តិការពង្រឹងការអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា-ចិន និងដំណើរការនៃការិយាល័យសម្របសម្រួល ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដូចជា បទល្មើសលេង ល្បែងស៊ីសង តាមអនឡាញ និងបទល្មើសឆបោក តាមមធ្យោបាយទូរគមនាគមន៍ ព្រមទាំងបន្តលំអានល្អសម្រាប់ឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តន៍ច្បាប់។
លើសពីនេះទៀត ភាគីចិន ក៏បានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣។ ប្រទេសចិន នឹងធ្វើការរួមគ្នាជាមួយប្រទេសកម្ពុជា និងប្រទសសមាជិកអាស៊ានផ្សេងទៀត ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគី នៅសមុទ្រចិនខាងត្បូង (Declaration of the Conduct of Parties in the South China Sea) ប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ និងជំរុញការពិគ្រោះយោបល់លើក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (Code of Conduct in the South China Sea-COC) ដើម្បីឈានដល់ការព្រមព្រៀងជាឯកច្ឆ័ន្ទ តាមរយៈការពិគ្រោះយោបល់។ ភាគីទាំងពីរ ក៏បានឯកភាពគ្នាបន្តកិច្ច សម្របសម្រួលក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុភាគី ដូចជាកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា និងក្របខ័ណ្ឌអង្គការសហប្រជាជាតិជាដើម។
ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរ គាំទ្រការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន បូកចិន ជប៉ុន និងកូរ៉េខាងត្បូង តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ស្តីពីការ ប្រយុទ្ធនឹងជំងឺរាតត្បាត នាពេលឆាប់ៗខាងមុខនេះ និងចុះហត្ថ លេខាលើកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ក្នុងឆ្នាំនេះ។ នៅក្នុងកិច្ចប្រជុំនេះដែរ ភាគីទាំងពីរ ឯកភាពគ្នាថាទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ជាកាលានុវត្តភាពថ្មី សម្រាប់ឆ្នាំនេះ ដែលជាខួប១០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន និងខួប១ឆ្នាំ នៃផែនការសកម្មភាពដើម្បីបង្កើតសហគមន៍វាសនារួមកម្ពុជា-ចិន។ ភាគីទាំងពីរ សន្យាបន្តជំរុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងការបង្កើន សន្ទុះថ្មី ដល់ការកសាង សហគមន៍វាសនារួម។
ភាគីទាំងពីរ ឯកភាពគ្នាតម្លើងកម្រិត ភារកិច្ចនៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីលើកកម្ពស់ សមត្ថកិច្ចរបស់គណៈកម្មាធិការនេះមួយកម្រិតទៀត។ បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ត្រូវបានបញ្ចប់ និងស្ថានភាពត្រឡប់ មកជាធម្មតាវិញ កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យនានា នឹងត្រូវបានជំរុញបន្ថែមទៀត រួមទាំងការអនុវត្តតាមផែនការសកម្មភាព ដើម្បីកសាងសហគមន៍វាសនារួម ដែលជាគោលការណ៍ចម្បង៕