ខេត្តឧត្ដរមានជ័យ៖ពលរដ្ឋចំនួន៥៤៦គ្រួសារនៅវេលាម៉ោង២ រសៀល ថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ នេះនាំគ្នាប្រមូលផ្តុំតវ៉ានឹងក្រុមហ៊ុនចំការកៅស៊ូបេសរ៉យយ៉ាល់ នៅចំណុចឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា លោក វរសេនីយ័ត្រី អ៊ូច ម៉ៅ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងចំនួន ០៩នាក់ កម្លាំងកងរាជអាវុធហត្ថស្រុកចំនួន ០៤នាក់ ក្រោមការដឹកនាំជារួមដោយ លោក នៅសំ តារារិទ្ធ អភិបាលស្រុកត្រពាំងប្រាសាទ សហការជាមួយកងកម្លាំងខេត្តព្រះវិហារ ចំនួន ១៣នាក់ ដឹកនាំដោយ លោក វរសេនីយ៍ទោ ប៉ិច គឹមសឿន នាយការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានចុះបំបែកក្រុមប្រជាពលរដ្ឋទាំងនោះដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាព ដែលមានព្រំប្រទល់ជាប់គ្នារវាង ឃុំត្រពាំងប្រាសាទ និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ខ្លាចមានអំពើហិង្សាមួយកើតឡើង។
ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់បានឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនមេត្រីភាព ដែលកំពុងឈូសឆាយផ្លូវឲ្យក្រុមហ៊ុនចម្ការកៅស៊ូបេសរ៉យយ៉ាល់ ធ្វើឲ្យប៉ះពាល់ដល់ផលដំណាំរបស់ពួកគាត់ ហើយយកមកប្រគល់ឲ្យសមត្ថកិច្ច ចាត់ការនិងធ្វើការប្តឹងតវ៉ាបន្តទៀត។
ចំពោះករណីនេះដែរ លោក អភិបាលស្រុកត្រពាំងប្រាសាទ បានពន្យល់ណែនាំ និងសំណូមពរ ដល់ប្រជាពលរដ្ឋឲ្យមានភាពស្ងៀមស្ងាត់និងសុំ បំបែកគ្នាវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដើម្បីរង់ចាំការដោះស្រាយពីក្រុមការងារថ្នាក់ខេត្ត។យ៉ាងណា គិតត្រឹមម៉ោង៣រសៀលថ្ងៃនេះ ប្រជាពលរដ្ឋទាំងនោះបានយល់ព្រមដកថយ ដោយរង់ចាំដំណោះស្រាយពីថ្នាក់ខេត្តជាបន្តទៀត ៕ដោយ៖ប៉ែន នួន