ក្រុមបាតុករអាមេរិក បានអូសរូបសំណាក់មេទ័ពAlbert Pike ឲ្យរលំហើយកម្ទេចនៅទីក្រុងវ៉ាស៊ីនតោន ក្នុងពេលធ្វើបាតុកម្មទាមទារសិទ្ធសេរីភាពដល់ការរស់នៅរបស់ក្រុមជនជាតិស្បែកខ្មៅ។
នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា «កម្លាំងប៉ូលិសទីក្រុងវ៉ាស៊ីនតោន ឌីស៊ី មិនបំពេញការងាររបស់ខ្លួន ក្នុងការរារាំងបាតុករបំផ្លាញរូបសំណាក់ ។ ក្រុមបាតុករទាំងនោះត្រូវតែចាប់ខ្លួន»។
ជាមួយគ្នានេះក៏បានក្បួនព្យុហយាត្រាជាច្រើន ដើម្បីរំលឹកខួប១៥៥ឆ្នាំថ្ងៃបញ្ចប់របបទាសករនៅអាមេរិក។ Juneteenth គឺជាទិវាដែលបានកើតឡើងដំបូងនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ១៨៦៥។ នៅពេលនោះ ឧត្តមសេនីយ៍ម្នាក់បានទៅដល់រដ្ឋតិចសាស់ ហើយបានជូនដំណឹងប្រាប់ទៅទាសករនៅទីនោះថា ពួកគេមានសេរីភាពវិញហើយ។ ពោលគឺ ០២ខែបន្ទាប់ពីសង្គ្រាមស៊ីវិលបានបិទបញ្ចប់ និង ០២ឆ្នាំកន្លះបន្ទាប់ពីអតីតប្រធានាធិបតីអាមេរិកលោក អាប្រាហាំ លីនខុន (Abraham Lincoln) បានចេញសេចក្តីប្រកាសរំសាយទាសភាពទាំងអស់នៅសហរដ្ឋអាមេរិក។
កន្លងមកកម្លាំងប៉ូលិស រងសម្ពាធយ៉ាងខ្លាំង ពីក្រុមបាតុករទាមទារកែទម្រង់ស្ថានប័នប៉ូលិស ក្រោយការស្លាប់ជនជាតិស្បែកខ្មៅដោយស្នាដៃប៉ូលិស ។ ទាំងនោះហើយបានធ្វើឲ្យប៉ូលិស មានការធុនទ្រាន់ ក្នុងការបំពេញភារកិច្ច «ធ្វើក៏ខុសមិនធ្វើក៏ខុស»៕