បរទេស៖ វាពិតជាអស្ចារ្យខ្លាំងណាស់ដែលអវកាសយានិកម្នាក់របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានបង្ហោះរូបភាពប៉ុន្មានសន្លឹកបង្ហាញអំពីទិដ្ឋភាព «បាតុភូតសូរ្យគ្រាស» កើតឡើងកាលពីយប់ថ្ងៃទី២១ ខែមិថុនា ដោយថតបានពីលើទីអវកាស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។
លោក Chris Cassidy ដែលជាអវកាសយានិក NASA កំពុងស្ថិតនៅលើស្ថានីយអវកាសអន្តរជាតិ (ISS) បានបង្ហោះរូបភាពទាំងនោះនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter។ នៅក្នុងរូបភាពទាំងនោះ យើងឃើញស្រមោលមួយដុំធំរបស់ព្រះចន្ទ ស្ថិតនៅលើផ្ទៃរបស់ភពផែនដី។ បើតាមលោក Cassidy ក្រុមអវកាសយានិកនៃស្ថានីយ ISS បានថតយកទិដ្ឋភាពនេះ ពេលដែលស្ថានីយគោចរឆ្លងកាត់ចំពីលើប្រទេសចិន។
គួរជម្រាបថា កាលពីយប់ថ្ងៃអាទិត្យទី២១ខែមិថុនា បាតុភូតសូរ្យគ្រាសហៅថា «Annular Solar Eclipse» បានកើតមានឡើង ដោយប្រទេសដែលអាចមើលឃើញបាតុភូតនេះក្នុងលក្ខណៈពេញលេញតែម្តងនោះ គឺផ្នែកមួយចំនួននៃទ្វីបអាហ្រ្វិកនិងអាស៉ី។ Annular Solar Eclipse ជាបាតុភូតសូរ្យគ្រាស ដែលព្រះចន្ទបាំងព្រះអាទិត្យមិនជិតទាំងស្រុងនោះឡើយ គឺនៅសល់គែមរបស់ព្រះអាទិត្យ មើលទៅដូចជាចិញ្ចៀនភ្លើងមួយវង់នៅលើផ្ទៃមេឃយ៉ាងដូច្នោះ៕