មានរឿងនិទានថា : ក្នុងអតីតសម័យព្រេងនាយ មានព្រះរាជាមួយអង្គ ទ្រង់សោយរាជ្យនៅនគរណោងស្នោ “ស្យាមប្រទេស” ព្រះរាជាអង្គនេះ ទ្រង់មានព្រះហ្ឫទ័យជ្រះថ្លានឹងព្រះពុទ្ធសាសនាយ៉ាងក្រៃលែង តែងធ្វើបុណ្យឲ្យទានជាអចិន្ត្រៃយ៍ ហើយទ្រង់មានព្រះទ័យរាប់អានស្និទ្ធស្នាល នឹងព្រះសង្ឃ ដែលគង់នៅវត្តមួយក្បែរព្រះបរមរាជវាំងណាស់ ទ្រង់តែងផ្គត់ផ្គង់ព្រះសង្ឃ ដោយខាទនីយាហាររាល់ថ្ងៃ ពុំដែលខកខានឡើយ ។
លុះកាលក្រោយមក ព្រះរាជាអង្គនោះ ទ្រង់ប្រឈួនយ៉ាងធ្ងន់ ។ ពេទ្យហ្មនានា ដែលអញ្ជើញមកព្យាបាលជំងឺព្រះអង្គ ក៏ពុំអាចរកថ្នាំសង្កូវណានឹងទ្រទ្រង់ជីវិតព្រះអង្គបាន, ទ្រង់ក៏សោយព្រះទិវង្គតទៅ ។
នាម៉ឺនសព្វមុខមន្ត្រី ក៏ជំនុំគ្នានឹងរៀបចំដង្ហែព្រះសពនោះ ឲ្យសមតាមឋានៈព្រះអង្គ ។
និយាយអំពីភិក្ខុ ៥ អង្គ ដែលព្រះរាជាទ្រង់តែងតែប្រគេននូវចង្ហាន់វាន់ជនជានិច្ចកាលនោះ ក៏ប្រជុំប្រឹក្សាគ្នាថា “ព្រះរាជាអង្គនេះ កាលទ្រង់គង់ព្រះជន្មាយុនៅឡើយ ព្រះអង្គតែងតែផ្គត់ផ្គង់រូបយើងទាំង ៥ នេះខ្លាំងណាស់, ឥឡូវនេះ ព្រះអង្គដល់ទិវង្គតទៅហើយ, តើយើងរាល់គ្នាត្រូវធ្វើកិច្ចដូចម្ដេច ដើម្បីជាសក្ខីភាពនៃការតបស្នងសងព្រះគុណព្រះអង្គ ? នៅពេលដង្ហែព្រះសពចេញទៅប្រទក្សិណទីក្រុង ដោយយើងទាំង ៥ រូប ជាអ្នកធម៌ស្រាប់ គួរនិមន្តលោកគ្រូចៅអធិការឲ្យគង់នៅមុខព្រះសព ហើយចម្រើនធម៌អភិធម្មមាតិកា, ឯ ៤ រូបទៀត គួរនៅគង់អមព្រះសព ហើយចម្រើនសុត្តន្តមាតិកាទៅចុះ” ។ គិតគ្នាស្រេចហើយ លុះដល់ថ្ងៃកំណត់ដង្ហែព្រះសព ព្រះសង្ឃទាំង ៥ អង្គ ក៏នាំគ្នាទៅសុំពួកនាម៉ឺនសព្វមុខមន្ត្រី ដើម្បីឲ្យបានចូលទៅអង្គុយហែតាមសេចក្ដីប្រឹក្សាគ្នាមកនោះ ហើយចេះតែភាវនាធម៌ រហូតដល់កន្លែងបូជា ។
តាមរឿងដូចបានពោលមកខាងលើនេះ ទើបមានលោកអភិធម្ម និងលោកមាតិកា ៤ អង្គ ជាប់ជាតំណរហូតមក ។
ទំនៀមនេះ មិនមែនមានតាំងពីសម័យពុទ្ធកាលមកទេ គឺទើបតែនឹងចាប់មានរឿងត្រឹមព្រះសពស្ដេចអង្គនោះមក ហើយក៏ជាប់ជាទំនៀមរហូតមកដល់សព្វថ្ងៃនេះ ៕ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)