មេទ័ពចិនបានព្រមានឥណ្ឌាថាប្រសិនបើទាហានឥណ្ឌាចូលឈ្លានពានទឹកដីចិន នឹងត្រូវប្រឈមនូវការខាតបង់ជាច្រើន។ បើទោះបីឥណ្ឌាមានកម្លាំងទាហានពិសេស Gurkha ប៉ុន្តែក៏មិនអាចយកឈ្នះកម្លាំងទាហាន PLA របស់ចិនបានឡើយ។ កម្លាំងទាហានឥណ្ឌា នឹងប្រឈមនូវទិដ្ឋភាព«មកដើរទៅវិញដេក» (មានន័យថា មកកាន់ព្រំដែននៅមានជីវិត តែទៅវិញគឺស្លាប់ដេកឲ្យគេសែង)។
ក្រោយការប៉ះទង្គិចគ្នានៅតំបន់ព្រំដែន Galwan រវាងកម្លាំងទាហានប្រទេសទាំងពីរ ពេលនេះ ចិននិងឥណ្ឌា បានសម្រេចកែទម្រង់កិច្ចព្រមព្រៀងមួយចំនួន ដោយអនុញ្ញាតឲ្យទាហានប្រទេសទាំងពីរ អាចផ្ទុះអាវុធបានក្នុងស្ថានភាពពិសេស ហើយមេទ័ពប្រចាំការនៅក្នុងតំបន់ជាអ្នកសម្រេចបញ្ជាឲ្យប្រើប្រាស់អាវុធ។
ការសម្រេចផ្លាស់ប្តូរ អនុញ្ញាតឲ្យប្រើប្រាស់កាំភ្លើងនេះ កំពុងបង្កក្តីបារម្ភយ៉ាងខ្លាំង ដោយអាចប្រែក្លាយ ពីការប៉ះទង្គិចគ្នាទៅជាសង្គ្រាមទ្រង់ទ្រាយធំនៅព្រំដែន ។ ឥណ្ឌានិងចិនធ្លាប់ផ្ទុះសង្គ្រាមជាទ្រង់ទ្រាយធំនៅតាមបណ្តោយព្រំដែននាឆ្នាំ១៩៦២ ហើយពេលនេះកំពុងតែធ្លាក់ក្នុងស្ថានភាពអាក្រក់ ក្រោយពីមានទាហានប្រទេសទាំងពីរប៉ះទង្គិចគ្នា បណ្តាលឲ្យស្លាប់និងរបួសជាច្រើន៕