គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអន្តរសភាអាយប៉ា នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់  សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អមដោយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងសមាគមប្រជាជាតិ អាស៊ី-អាគ្នេយ៍(អាស៊ាន) និងអន្តរសភាអាស៊ាន(អាយប៉ា) ដែលជាជំនួបកំពូលរវាងប្រធានអាស៊ាន និងប្រធានអាយប៉ា នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ (36th ASEAN Summit) ដែលរៀបចំធ្វើឡើងតាមប្រព័ន្ធវីដេអូ។

ការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ង្វៀន ស៊ុនហ្វុគ (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦។

នៅក្នុងកិច្ចប្រជុំនេះ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី នឹងចូលរួមផ្តល់នូវអនុសាសន៍ដោយផ្តោតសំខាន់លើបញ្ហាគន្លឹះ ដែលជាការប្រឈមរួមរបស់ប្រទេសជាសមាជិកអាយប៉ា និងអាស៊ាន ព្រមទាំងធ្វើការចែករំលែកទស្សនៈស៊ីជម្រៅ អំពីការរួមគ្នាដោះស្រាយបញ្ហាទាំងនោះ តាមរយៈការបង្កើនភាពទុកចិត្ត និងទំនាក់ទំនងល្អ រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នៃប្រទេសសមាជិកអាស៊ាន ស្របតាមស្មារតីសសរស្តម្ភទាំង៣ របស់អាស៊ានគឺ សន្តិសុខ-នយោបាយ សេដ្ឋកិច្ច និងសង្គមវប្បធម៌។ 

គណៈប្រតិភូសភាកម្ពុជា នឹងនាំយកនូវធាតុចូល ដែលជាទស្សនៈរបស់សភាកម្ពុជា ក្នុងនាមជាប្រទេសជាសមាជិកអាយប៉ា សម្រាប់ដាក់បញ្ចូលទៅក្នុងសារ ដែលនឹងឡើងថ្លែងដោយ លោកស្រី ង្វៀនធី គឹមងិន (Nguyen Thi Kim Ngan) ប្រធានប្តូរវេនអន្តរសភាអាស៊ាន(អាយប៉ា) លើកទី៤១ នៅចំពោះមុខប្រមុខដឹកនាំរដ្ឋាភិបាល និងថ្នាក់ដឹកនាំសភាប្រទេសសមាជិកអាស៊ាន។

សូមបញ្ជាក់ផងដែរថា លោកស្រី ង្វៀនធី  គឹមងិន ប្រធានប្តូរវេនអន្តរសភាអាស៊ាន(អាយប៉ា) លើកទី ៤១ មានភារកិច្ចធ្វើសេចក្តីថ្លែងការណ៍ ដោយផ្តោតលើទស្សនៈរួមបញ្ចូលគ្នារបស់ប្រទេសជាសមាជិកអាយប៉ាទាំង១០ អំពីសមិទ្ធផលនានា និងទិសដៅសកម្មភាពដែលអាយប៉ា បាននឹងកំពុងបន្តអនុវត្តកន្លងមក ជាពិសេសរិះរកយន្តការថ្មីៗ សំដៅពង្រីកកិច្ចសហប្រតិបត្តិការរវាងអាយប៉ា និង អាស៊ាន អោយកាន់តែមានសមាហរណកម្មជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពថែមទៀត។ 

កិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ា ដែលបានរៀបចំឡើងនៅរាល់កិច្ចប្រជុំកំពូលអាស៊ាន គឺជាជំនួបផ្លូវការកម្រិតខ្ពស់បំផុតរបស់អាស៊ាន និងអាយប៉ា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ដើម្បីពិភាក្សាស៊ីជម្រៅលើកិច្ចការរបស់អាស៊ាននៅគ្រប់កម្រិត ក្នុងន័យ ឆ្ពោះទៅរកគោលបំណងរួមរបស់អាស៊ានគឺ សនិ្តភាព ស្ថិរភាព និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ជាមួយនឹងការពន្លឿន និងជម្រុញឱ្យសម្រេចបាននូវសហគមន៍អាស៊ានមួយ ដោយឈរលើមូលដ្ឋាន “ផ្តោតសំខាន់លើប្រជាជន និងយល់ដឹងពីសារៈសំខាន់នៃអាស៊ាន” និងត្រៀមខ្លួនសម្រាប់ការពង្រីកអាស៊ាន នាពេលអនាគត។

សូមជម្រាបថា កិច្ចប្រជុំកម្រិតប្រធានអាស៊ាន និងប្រធានអាយប៉ា លើកទី១ ត្រូវបានចាប់ផ្តើមអនុវត្តជាលើកដំបូងនាកិច្ចប្រជុំកំពូលអាស៊ាន លើកទី១៤ នៅឆ្នាំ២០០៩ នៅហ៊ួហ៊ីន ព្រះរាជាណាចក្រថៃ ក្រោមគំនិតផ្តួចផ្តើមរបស់សភាប្រទេសសមាជិកអាយប៉ា និងអាស៊ាន ហើយចាប់ពីពេលនោះមក កិច្ចប្រជុំកម្រិតប្រធានអាស៊ាន និងប្រធានអាយប៉ា បានប្រព្រឹត្តទៅចំនួន ៩លើក រួចមកហើយ ដែលលើកចុងក្រោយ នៅឆ្នាំ២០១៩ ធ្វើនៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ៕ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print