ស្ទឹងត្រែង :លោក អ៊ន់ ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តនៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ថា ភ្ញៀវទេសចរដែលមានបំណងទៅកម្សាន្តនៅខេត្តស្ទឹងត្រែង គួរតែចំណាយពេលយ៉ាងហោចណាស់៣ថ្ងៃ២យប់ ដើម្បីទស្សនាតំបន់ទេសចរដ៏សម្បូរបែបដូចជា ស្រុកសៀមប៉ាង មានសក្ដានុពលទេសចរណ៍ដ៏ទាក់ទាញមួយ គឺ តំបន់អាហារដ្ឋានត្មាត ដែលជាតំបន់ទេសចរណ៍ធម្មជាតិ ដោយអ្នកដំណើរអាចបោះជំរំស្នាក់នៅ ដើម្បីផ្សារភ្ជាប់ខ្លួនជាមួយនឹងធម្មជាតិបាន និងមានសហគមន៍អេកូទេសចរណ៍៦កន្លែង។
សូមជម្រាបថា ខេត្តស្ទឹងត្រែងគឺជាខេត្តតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលមានទន្លេ៤ ហូរកាត់គឺ ទន្លេមេគង្គ ទន្លេសាន ទន្លេកុង និង ទន្លេស្រែពក។ ទន្លេទាំង៤នេះ ជាប្រភពធនធានធម្មជាតិសម្បូរបែប ដែលជាមូលដ្ឋានតំបន់អេកូទេសចរណ៍៕