ភ្នំពេញ ៖ ស្ត្រីម្នាក់ក្នុងស្ថានភាពរបួសមុតបំពង់ក បន្ទាប់ពីលោកប្តីញៀនថ្នាំ ផឹកស្រវឹងប្រដាប់ដោយកាំបិតប្រើហឹង្សាចាក់ឲ្យរបួស រហូតដល់ប្រពន្ធទ្រាំលែងបាន ព្រោះតែញយដងពេកហើយ ប្តឹងប៉ូលិសឃាត់ខ្លួន កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នៅក្រុម៧ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ប្តីដៃដល់មានឈ្មោះកង អ៊ុយ អាយុ៣៤ឆ្នាំ មុខរបរគ្មានទេ រាល់ថ្ងៃដើរជក់គ្រឿងញៀន ដើរផឹក មានទីលំនៅ ផ្ទះកើតហេតុខាងលើ មានស្រុកកំណើត ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ចំណែកប្រពន្ធមានឈ្មោះ មុឺន ភ័ណ្ឌ អាយុ៣៤ឆ្នាំ មុខរបរ ដើររើសអេតចាយ និងដើរបេះបន្លែលក់ រស់នៅផ្ទះកើតហេតុ មានស្រុកកំណើត ស្រុកចំការលើ ខេត្តកំពង់ចាម ។
តាមការរបរាប់ពីស្ត្រីជាប្រពន្ធបានឲ្យដឹងថា គាត់បានគ្នាជាប្តីប្រពន្ធ អស់រយៈពេលជាង១០ឆ្នាំមកហើយ មានកូន៣នាក់ ប្រុស២នាក់ ស្រី១នាក់ រស់នៅផ្ទះខាងឪពុកម្តាយក្មេក ត្រង់ចំណុចខាងលើ តែប្តីមួយថ្ងៃគិតតែពីដើរផឹកសុី ជក់គ្រឿងញៀន ហើយច្រើនលើកច្រើនសាររាប់លែងអស់ទៅហើយ ដែលប្តីផឹកស្រវឹង ប្រើប្រាស់អំពើហឹង្សាមកលើខ្លួន ឈ្លោះត្រូវ ត្រូវឈ្លោះ លួងលោមនិយាយត្រូវ ចិត្តសណ្តោយក៏មិនប្តឹង តែទង្វើរ សកម្មភាពដដែលៗ របស់ប្តី មិនរាងចាល គ្មានក្តីមេត្តា មកដល់រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ ក្រោយពីផឹកស្រាថ្នាំអស់កន្លះលីត្រ ស្រវឹងមកសុំប្រពន្ធមួយ ខណៈដែលកំពុងអង្គុយចងបន្លែ តែប្រពន្ធមិនព្រម ផ្ទុះកំហឹងយកលេសចោទថាមានសាហាយ វាយប្រតាយប្រតប់ យកកាំបិតចាក់ចំកប្រពន្ធ ហូរឈាមកក្លាក់ បង្កឲ្យឆោឡោ ប្តឹងប៉ូលិសចាប់ខ្លួនតែម្តង ។
តាមសម្តីបុរសជាប្តីក្នុងសភាពស្រវឹងងិល ថាខ្លួនគេធ្វើលេងទេ លើកមុនៗអង្វរសុំទោសបាន លើកនេះសុំថើបលួងចិត្តដែរតែប្រពន្ធមិនព្រម ។
ករណីបង្កហឹង្សាមិនរាងចាល និងឲ្យមានរបួសស្នាម យោងតាមបណ្តឹងភាគីខាងប្រពន្ធ សមត្ថកិច្ចឃាត់ខ្លួនបុរសជាប្តី កសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌ រីឯភាគីខាងប្រពន្ធត្រូវបាននគរបាលប៉ុស្តិ៍ឲ្យទៅពេទ្យព្យាបាលសិន ដោយសារឈាមហូរច្រើន ៕ដោយសុខាសែនជ័យ