ភ្នំពេញៈ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា៖ គិតរហូតដល់ពេលនេះ (ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០) កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលឆ្លងជំងឺកូវីដ១៩ នៅសាធារ ណរដ្ឋម៉ាលី ហើយសម្រាកព្យាបា លនៅមន្ទីរពេទ្យនោះ បានជាសះស្បើយទាំងស្រុង ដោយមិនមានករណីឆ្លងថ្មីលើទាហានកម្ពុជាទៀតឡើយ។
លោកបន្តថា៖ នៅសាធា រណរដ្ឋម៉ាលី មានកងកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន១០នាក់ ដែលទៅបំពេញបេសកកម្មក្រោមឆ័ត្រអង្គ ការសហប្រជាជាតិ ឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ក្នុងនោះមាន៩នាក់ ព្យាបាលជាសះស្បើយ និងម្នាក់បានពលីជីវិត កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។ ទោះបីជាពិភពលោកកំពុងប្រឈមនឹងការរីករាលដាល នៃជំងឺកូវីដ១៩ ក៏រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ មិនបានរាថយក្នុងការបញ្ជូនកងកម្លាំងទៅបំពេញប្រតិប ត្តិការ ការងារមនុស្សធម៌តាមរយៈអង្គការសហប្រជាជាតិ នៅក្រៅប្រទេសនោះឡើយ។
គួររំលឹកឡើងវិញថា៖ រហូតដល់ពេលនេះ ព្រះរាជាណាចក្រកម្ពុជា មានកងកម្លាំងចំនួន៥កង សរុបចំនួន៧៨៧នាក់ (នារីចំនួន ៧៦នាក់) កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ក្នុងនោះរួមមាន៖ប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ក្រៅពីប្រទេសម៉ាលី នៅប្រទេស៤ផ្សេងទៀត មិនមានកងកម្លាំងរក្សាសន្តិភាពកម្ពុជា បានឆ្លងជំងឺកូវីដ១៩នោះឡើយ។
ក្រសួងការពារជាតិតាមរយៈមជ្ឈ មណ្ឌលកងកម្លាំងរក្សាសន្តិភាព បោះសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះ នៅតែបន្តធ្វើការតាមដាន និងណែនាំជាប់ជាប្រចាំ ព្រមទាំងក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 ៕សុខដុម