បុរសម្នាក់លោតទម្លាក់ពីលើភ្នំសម្លាប់ខ្លួនព្រោះគ្មានប្រាក់ទៅលោះយកម៉ូតូដែលបញ្ចាំ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ព្រោះតែគ្មានប្រាក់ទៅលោះយកម៉ូតូដែលបញ្ចាំ និងមិនហ៊ានចូលផ្ទះ យុវជនម្នាក់បានដាច់ចិត្តលោតទម្លាក់ពីលើភ្នំដ៏ខ្ពស់ដើម្បីសម្លាប់ខ្លួន កាលពីវេលាម៉ោង៥និង៥៨នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចជើងភ្នំធំ ស្ថិតនៅក្នុងភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
លោកអធិការនគរបាលស្រុកមង្គលបុរី ស៊ិន ណារ៉ាក់បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉ន ភារ៉ា ហៅបារាំង ភេទប្រុស អាយុ២១ឆ្នាំនៅភូមិសឿ ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា បើតាមការរៀបរាប់បំភ្លឺពីឈ្មោះ សឿង សុផា ភេទប្រុស អាយុ៣៧ឆ្នាំនៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបុរី បានប្រាប់សមត្ថកិច្ចថា កាលពីល្ងាចថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង៦ល្ងាច ជនរងគ្រោះបានហូបបាយជាមួយខ្លួន ហើយបានពោលពាក្យថាពិបាកចិត្តណាស់យកម៉ូតូទៅបញ្ចាំគេគ្មានលុយទៅលោះ មិនហ៊ានចូលផ្ទះ ចង់តែស្លាប់ឱ្យផុតៗទេ ហើយពោលថាចង់តែឡើងលើភ្នំឱ្យរន្ទះបាញ់ស្លាប់ រួចក៏ដើរទៅបាត់ទៅ ចំណែកខ្លួនក៏ចូលដេកដែរ ។លុះដល់ម៉ោងប្រហែល១រំលងអធ្រាត្រខ្លួនបានឮថ្មភ្នំខាងក្រោយផ្ទះបាក់ធ្លាក់ចុះមកក្រោម តែខ្លួនមិនចាប់អារម្មណ៍ឡើយ ព្រោះថ្មភ្នំធ្លាប់តែបាក់ធ្លាក់ហូរហែមកហើយ រហូតដល់ម៉ោង៥ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ពេលខ្លួនដើរទៅបត់ជើងធំក៏ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់នៅនឹងជើងភ្នំ។
លោកអធិការបញ្ជាក់ថា ជនរងគ្រោះជាមុខសញ្ញាជួញដូរនិងប្រើប្រាស់សារធាតុញៀនធ្លាប់ជាប់ពន្ធនាគារនិងចូលមណ្ឌលកែប្រែ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិរបស់ឪពុកម្ដាយអស់ជាច្រើនមកហើយ ។
ក្រោយពីទទួលបានព័ត៌មានពីមនុស្សដេកស្លាប់នៅជើងភ្នំភ្លាម លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបានដាក់បញ្ជាឲ្យកម្លាំងនគរបាលធ្វើការត្រួតពិនិត្យ ក្នុងនោះយើងបានបង្កើតគណៈកម្មការត្រួតពិនិត្យស្រាវជ្រាវ ដោយមានកម្លាំងនគរបាលជំនាញ បច្ចេកទេសវិទ្យាសាស្ត្រខេត្ត និងកម្លាំងជំនាញស្រុកមង្គលបុរី គ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន ធ្វើការត្រួតពិនិត្យនិងធ្វើកោសល្យវិច័យលើខ្លួនសព ពុំឃើញមានស្លាកស្នាមអ្វីក្រៅពីស្នាមបែកនៅលើថ្ពាល់ខាងស្តាំដែលធ្លាក់មកផ្ទប់នឹងថ្មជើងភ្នំ និង នៅលើភ្នំគឺមានស្នាមរអិលធ្លាក់ថ្មភ្នំធ្លាក់ចុះមកក្រោមនិងមានដាច់កូនឈើពីលើភ្នំធ្លាក់ចុះមកក្រោម។ដូច្នេះ លោកគ្រូពេទ្យបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់នេះ គឺជាករណីធ្វើអត្តឃាតដោយលោតពីទីទួលខ្ពស់ធ្លាក់មកទាបណ្ដាលឱ្យស្លាប់ ពុំមានស្លាកស្នាមអ្វីទាក់ទងនិឹងអំពើមនុស្សឃាតនោះឡើយ។សពក្រោយពីពិនិត្យរួចបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕ វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print