ខេត្តស្វាយរៀង៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងចុះរៀបចំសណ្តាប់ធ្នាប់នៅជុំវិញផ្សារវាលយន្តកុំឲ្យមានភាពរញ៉េរញ៉ៃដោយក្រុមអាជីវករដាក់តាំងមុខទំនិញលក់នៅលើចិញ្ចើមផ្លូវជុំវិញផ្សារគ្មានសណ្តាប់ធ្នាប់និងប៉ះពាល់ដល់អ្នកធ្វើចរាចរណ៍តាមដងផ្លូវ និងធ្វើឲ្យបាត់បង់សោភ័ណ្ឌភាពទីក្រុងកាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦។
នេះជាលើកទីមួយហើយដែលអាជ្ញាធរក្រុងស្វាយរៀងដឹកនាំកម្លាំងចម្រុះចុះរៀបចំសណ្ដាប់ធ្នាប់នៅជុំវិញផ្សារវាលយន្ត ក្រុងស្វាយរៀងបន្ទាប់ពីដូរប្រធានផ្សារវាលយន្តថ្មីដែលគេស្គាល់ឈ្មោះសូថាវី ជាអ្នកដេញបានជិត២ខែមកនោះ។
ចំពោះស្ត្រីដែលជាអាជីវករលក់សាច់ជ្រូកម្នាក់បានអោយដឹងថា គាត់មានតូបនិងស្តង់លក់សាច់ជ្រូកនៅខាងក្នុងផ្សារមែនក៏ប៉ុន្តែភ្ញៀវមិនសូវចូលទៅទិញខាងក្នុងទេដោយមានអ្នកលក់បន្លែលក់ត្រីមកពីស្រែ មួយល្អីឬមួយកញ្ច្រែងដាក់លក់នៅតាមចិញ្ចើមថ្នល់ក្រៅផ្សារដូច្នេះភ្ញៀវគេមិនចូលក្នុងផ្សារគេចូលចិត្តដើរទិញនៅខាងក្រៅលុះត្រាតែអ្នកទិញច្រើនៗទើបគេចូលក្នុងផ្សារទើបសម្រេចចិត្តបំបែកគ្រែមកលក់ខាងក្រៅ។
ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរក៏បានអប់អរសាទរចំពោះសមត្ថកិច្ចមូលដ្ឋានដែលបានចុះមករៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ជុំវិញផ្សាវាលយន្តអោយមានផ្លូវទូលំទូលាយងាយស្រួលក្នុងការចូលទិញបន្លែម្ហូបអាហារនិងទំនិញផ្សេងៗផងដែរ៕






...
ដោយ៖ យឹម សុថាន