ខេត្តពោធិ៍សាត់៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលឆ្មក់បង្រ្កាបល្បែងស៊ីសងអាប៉ោង ១ករណី ឃាត់ខ្លួនអ្នកញៀនល្បែងប្រុសស្រី ៧នាក់ ដកហូតវត្ថុតាង និងមធ្យោបាយធ្វើដំណើរមួយចំនួន ។
ករណីនគរបាលបង្រ្កាបល្បែងស៊ីសងខាងងលើ ធ្វើឡើងនារសៀលថ្ងៃព្រហស្បត្តិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចគុម្ពោតព្រៃក្បែរភូមិ ស្ថិតនៅភូមិរហាលទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
មន្រ្តីនគរបាលស្រុកតាលោសែនជ័យប្រាប់ថា ក្នុងការបង្រ្កាបល្បែងអាប៉ោងខាងលើនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៧នាក់ក្នុង ទី១ ឈ្មោះ ឆេង រឹម ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ទី២ ឈ្មោះ អុិត សឿម ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិបោសគរ ឃុំតាលោ ស្រុកតាលោសែនជ័យ ទី៣ ឈ្មោះ ហួត គឹមហាវ ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្រះម្កាក់ ឃុំអូរប៉ោង ស្រុកបាកាន ទី៤ ឈ្មោះ សុខ លឹម ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ទី៥ ឈ្មោះ សេក សេង ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិទួលរគាំង ឃុំអូរប៉ោង ស្រុកបាកាន ទី៦ ជឹម ឌឿន ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកោះវត្ត ឃុំតាលោ ស្រុកតាលោសែនជ័យ និងទី៧ ឈ្មោះ ភោគ រី ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិរហាលទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
នគរបាលស្រុកដដែលបន្តថា ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ចានសម្រាប់បាញ់អាប៉ោងចំនួន ៣ចាន មេអាប៉ោងចំនួន ២គ្រាប់ ទម្រចានអាប៉ោងចំនួន ១ កម្រាលភ្នែកចាក់អាប៉ោងចំនួន ១ គម្របចានអាប៉ោងចំនួន ១ ស្បែកជើងចំនួន ៥គូ ដំបូលក្រណាត់ចំនួន ១ផ្ទាំង និងម៉ូតូចំនួន ៤គ្រឿង ។ ក្រុ
មញៀនល្បែងស៊ីសងប្រុសស្រីរួមទាំងវត្ថុតាង និងសម្ភារៈដែលរឹបអូសបាន ត្រូវបាននាំយកមកអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យដើម្បីបន្តនីតិវិធី ៕ ដោយៈ បុឹម ពិន