ភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វេីការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខបុរីប៉េងហួត ផ្លូវ៣៧១ ភូមិ ព្រែកតាគង់១ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ (យកដែកគាស់ចង្រឹងបង្អួចផ្ទះចូលយកទូរស័ព្ទដៃនិងកុំព្យូទ័រលេបថប)។
លោក អ៊ុំ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលេី បានឲ្យដឹងថា ជនសង្ស័យឈ្មោះ មាស ចាន់ថន ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ និង មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀនទេ) ។
រីឯជនរងគ្រោះឈ្មោះ ជាតិ ច័ន្ទរង្សី ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅបន្ទប់ផ្ទះជួលគ្មានលេខ ផ្លូវ៣៧១ ក្រុមទី១ ភូមិព្រែកតាគង់១ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ សិស្ស ។
វត្ថុតាងសមត្ថកិច្ចចាប់យកមាន៖ ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកសាំសុង ពណ៍ទឹកប្រាក់ (ជារបស់ជនរងគ្រោះ) ។ ចំណែកសម្ភារៈជនរងគ្រោះដែលបាត់បង់ ៖ ទូរស័ព្ទដៃម៉ាកសាំសុងចំនួន០១គ្រឿង និង កុំព្យូទ័រលេថប ម៉ាកគម្ពី ចំនួន០១គ្រឿង ។
លោកនាយប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលេី បានឲ្យដឹងទៀតថា ៖ កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង០១ម៉១០នាទីរំលងអាធ្រាត្រ ជនរងគ្រោះឈ្មោះ ជាតិ ច័ន្ទរង្សី ភេទប្រុស អាយុ ១៧ ឆ្នាំ បានចូលសម្រាកនៅក្នុងផ្ទះជួល ក្បែរផ្លូវ៣៧១ ភូមិ ព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ដោយបានទុកទូរស័ព្ទដៃម៉ាកសាំសុងចំនួន០២គ្រឿង និង កុំព្យូទ័រលេបថបម៉ាកគម្ពីចំនួន០១គ្រឿង នៅក្បែរកន្លែងដេក លុះមកដល់វេលាម៉ោង០៥ម៉៤០នាទីទៀបភ្លឺ ជនរងគ្រោះឈ្មោះ ជាតិ ច័ន្ទរង្សី បានភ្ញាក់ពីដំណេកស្រាប់តែឃើញបង្អួចមានស្នាមគាស់ ហើយទូរស័ព្ទដៃម៉ាកសាំសុងចំនួន០២គ្រឿង និង កុំព្យូទ័រលេបថបម៉ាកគម្ពីចំនួន០១គ្រឿង បានបាត់អស់ ។ លុះដល់ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង១៦ម៉០០នាទី ទើបជនរងគ្រោះឈ្មោះ ជាតិ ច័ន្ទរង្សី បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើឲ្យជួយស្រាវជ្រាវ ខណៈនោះកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានចុះពិនិត្យកន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង២១ម៉៣០នាទីថ្ងៃទី០២ ខែ កក្កដា ឆ្នាំ២០២០ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មាស ចាន់ថន ភេទ ប្រុស អាយុ២៦ឆ្នាំ នៅចំណុចមុខបុរីប៉េងហួត ផ្លូវ៣៧១ ភូមិ ព្រែកតាគង់១ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ និងបានចាប់យកវត្ថុតាង ៖ ទូរស័ព្ទៃម៉ាកសាំសុង ពណ៍ទឹកប្រាក់ចំនួន០១គ្រឿង(ជារបស់ជនរងគ្រោះដែលបាត់)យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ដើម្បីចាត់តាមនីតិវិធីតែម្តង ។
បច្ចុប្បន្នជនសង្ស័យឈ្មោ មាស ចាន់ថន ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕ដោយ៖ ភារ៉ា ដង្កោ