ខ្សែប្រយុទ្ធវ័យក្មេង Gabriel Martinelli បានចុះកុងត្រារយៈពេលវែងថ្មីជាមួយក្រុមកាំភ្លើងធំ Arsenal។ កីឡាករវ័យ១៩ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹបនៅទីក្រុងឡុងកាលពីខែកក្កដាឆ្នាំមុន និងរកបាន១០គ្រាប់ក្នុងការបង្ហាញខ្លួន២៦ដងក្នុងរដូវកាលដំបូងរបស់គេនៅអង់គ្លេស។
ក្រុមកាំភ្លើងធំ Arsenal បានផ្តល់រង្វាន់ដល់កីឡាករអន្តរជាតិប្រេស៊ីលអាយុក្រោម២៣ឆ្នាំជាមួយនឹងកិច្ចព្រមព្រៀងថ្មីដល់កីឡាករ Gabriel Martinelli បន្ទាប់ពីមិត្តរួមក្រុមយុវជនរបស់គេកីឡាករ Bukayo Sakaបានប្តេជ្ញាចិត្តចំពោះអនាគតរបស់ខ្លួននៅក្នុងក្រុមនៃក្របខ័ណ្ឌ Premier League ដែរ។
កីឡាករ Martinelli នឹងមិនលេងម្តងទៀតទេនៅរដូវកាលនេះបន្ទាប់ពីទទួលការវះកាត់ជង្គង់ ប៉ុន្តែលោកអ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Mikel Arteta ជឿជាក់ថាគាត់នឹងមានអនាគតភ្លឺស្វាង។ លោក Arteta បាននិយាយថា “ខ្ញុំពិតជារីករាយណាស់ដែល Martinelli បានចុះកិច្ចសន្យាថ្មីជាមួយពួកយើង។ គាត់គឺជាកីឡាករវ័យក្មេងដែលមានទេពកោសល្យហើយគាត់បានធ្វើឱ្យយើងចាប់អារម្មណ៍ចំពោះទម្រង់លេង និងការព្យាយាមរបស់គាត់។ យើងកំពុងទន្ទឹងរង់ចាំធ្វើឱ្យគាត់មានសុខភាពល្អឡើងវិញ និងមើលការអភិវឌ្ឍរបស់គាត់នៅក្លឹបរបស់យើង”។
កីឡាករ Martinelli បានបង្ហោះលើបណ្តាញសង្គម Instagram ថា “ខ្ញុំពិតជារីករាយដែលបានប្តេជ្ញាចិត្តចំពោះអនាគតរបស់ខ្ញុំទៅលើក្លឹបដ៏អស្ចារ្យនេះ ហើយខ្ញុំសូមថ្លែងអំណរគុណដល់ក្រុម Arsenal និងអ្នកគាំទ្រទាំងអស់សម្រាប់ឆ្នាំដ៏អស្ចារ្យនេះ” ៕